អ្វីដែលមហាជនអ្នកស្នេហាវិស័យបវរកញ្ញាទូទាំងពិភពលោកបានទន្ទឹងរង់ចាំ កំពុងខិតជិតចូលមកដល់ហើយ!! នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ សមរភូមិប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាចក្រវាលពិភពលោក Miss Universe លើកទី៧១ ត្រៀមបើកទំព័រស្វាគមន៍បេក្ខនារីតំណាងប្រទេសទាំង ៨៤ រូប ដើម្បីបង្ហាញសមត្ថភាពជាផ្លូវការក្នុងវគ្គប្រកួតប្រជែងបឋម (Preliminary Competition) ដែលនឹងប្រារព្ធឡើងនៅរាត្រីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ផ្សាយបន្តផ្ទាល់ពីទីក្រុងញូវអ័រលីនស៍ សហរដ្ឋអាមេរិក (New Orleans, USA) នៅលើយូធូបឆានែលផ្លូវការរបស់ Miss Universe​ ចាប់ពីវេលាម៉ោង ៧ យប់ (CST ម៉ោងប្រចាំតំបន់នៅសហរដ្ឋអាមេរិក និងកាណាដា) ខណៈដែលកម្ពុជាអាចទស្សនាការផ្សាយបាននៅថ្ងៃទី ១២ ខែមករា ចាប់ពីម៉ោង ៨ ព្រឹកតទៅ។ វគ្គប្រកួតប្រជែងបឋម (Preliminary Show) ជាចំណុចចាប់ផ្តើមសម្រាប់បេក្ខនារីទាំង ៨៤ ដែលជាឱកាស បញ្ចេញនូវភាពទាក់ទាញក្នុងការណែនាំខ្លួនលើកដំបូងជាផ្លូវការ ក៏ដូចជាទេពកោសល្យនៃការដើរបង្ហាញរបស់ពួកគេនៅលើវេទិកាចំពោះមុខគណៈកម្មការដោយផ្ទាល់ និងទស្សនិកជនរាប់លាននាក់នៅតាមបណ្តាញអ៊ីនធើណែត។ 


នៅក្នុងរដូវកាលលើកទី៧១ សម្រាប់ឆ្នាំ២០២៣ នេះ
Miss Universe នឹងមានការកែប្រែ និងបន្ថែមរសជាតិថ្មីទៅលើកម្មវិធីប្រកួតទាំងការឌីហ្សាញឆាក ភ្លើង ពណ៌ និងការរៀបចំសម្លៀកបំពាក់បែបក្លាស៊ីយ៉ាងប្រណឹតភាពបំផុត (Classy) សម្រាប់បេក្ខនារីនីមួយៗក្នុងឈុតណែនាំខ្លួន Opening Dance និងឈុតហែលទឹកជាដើម។ កាន់តែពិសេសលោកអ្នកនឹងបានឃើញនូវរូបរាងឈៀងថ្មី (New Sash) និងការផ្តល់ជូនពានរង្វាន់ថ្មីៗជាច្រើនទៀត និងការប្រកាសកំពូលបេក្ខនារីទាំង ១៦ (Top 16) ដែលពុំធ្លាប់មានក្នុងការប្រកួតកន្លងទៅ។ នេះជាអ្វីដែលម្ចាស់កម្មសិទ្ធិផ្តាច់មុខនៃកម្មវិធីបវរកញ្ញាចក្រវាលពិភពលោកជំនាន់ថ្មី អេន ចក្រពង្ស (Anne Jakrajutatip) បានបង្ហើបឱ្យដឹងតាមរយៈបទសម្ភាសន៍មួយនាពេលថ្មីៗនេះ។ 

ចក្ខុវិស័យ និងបេសកកម្មរបស់ Miss Universe រដូវកាលនេះគឺតាមស្វែងរកបវរកញ្ញាដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពដ៏លេចធ្លោ ស្របទៅតាមប្រធានបទចំបងរបស់កម្មវិធីប្រចាំឆ្នាំនេះគឺការផ្លាស់ប្តូរភាពឈឺចាប់ទៅជាកម្លាំងជម្រុញទឹកចិត្ត ឬយកកម្លាំងទឹកចិត្តជម្រុញឱ្យអ្នកក្លាយទៅជាអ្នកដឹកនាំ។ ម្ចាស់ម្កុដ (Force For Good) ត្រូវតែជានិមិត្តរូបនៃវីរនារីដ៏អស្ចារ្យ ដែលជាថាមពលសម្រាប់ផ្តល់ការលើកទឹកចិត្ត និងជម្រុញបំផុសគំនិតដល់មនុស្សផ្សេងទៀតនៅក្នុងពិភពលោក។ សូមមហាជនរួមជាតិចូលរួមផ្តល់កម្លាំងចិត្ត និងការគាំទ្រខ្លាំងក្លាចំពោះបេក្ខភាពតំណាងព្រះរាជាណាចក្រកម្ពុជារបស់យើង កញ្ញា ហង្ស ម៉ានីតា តាមរយៈការចូលទៅចុច Like និង Follow បណ្តាញសង្គមរបស់នាងឱ្យបានច្រើនទាំងអស់គ្នា។ ជាពិសេសលោកអ្នកកុំភ្លេចបោះឆ្នោត (Vote) ដល់រូបនាង នៅលើ Application Vote របស់ Miss Universe ផងដែរ។


ម៉ានីតា បានកំពុងតៀមខ្លួនអស់ពីសមត្ថភាព ក្នុងគោលដៅធ្វើយ៉ាងណាការកែប្រែប្រវត្តិសាស្រ្តលើកមុខមាត់ប្រទេសជាតិកម្ពុជា ក្នុងការដណ្តើមយកម្កុដថ្មី ដែបង្កប់អត្ថន័យ ឆ្លុះបញ្ចាំងពីក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាង។

ម្ចាស់ជ័យលាភីឆ្នាំ២០២១ ហាណាស សាន់ឌូ (Harnaaz Sandhu) នៃប្រទេសឥណ្ឌា នឹងផ្ទេរតំណែងរបស់នាងនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ មករា ឆ្នាំ២០២៣ នៅទីក្រុងញូវអ័រលីនស៍ សហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសកម្ពុជា និងដទៃទៀតដែលខុសម៉ោងប្រចាំតំបន់ (CST) នឹងអាចទស្សនាបាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣៕

សូមរង់ចាំការ Update ព័ត៌មានថ្មីៗអំពី Miss Universe បន្តទៀត!!




Link from Miss Universe: https://www.youtube.com/watch?v=Xdvl847FQ1s

អត្ថបទ៖ សំណាង