ខេត្តប៉ៃលិន ៖
មានករណីភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់បណ្ដាលអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង តែមិនបង្កឱ្យមនុស្ស ឬសត្វមានទទួលរងគ្រោះថ្នាក់រងរបួស ឬបាត់បង់អាយុជីវិតនោះទេ។ហេតុការណ៍ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ធ្វើឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិកោះកែវ និង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ធ្វើឱ្យទទួលរងផលប៉ះពាល់ដល់ភូមិកោះកែវចំនួន០២ខ្នង ៖ ទី១. ម្ចាស់ផ្ទះឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់ប៉ើងដំបូលស័ង្កសីអស់ចំនួន១៤សន្លឹក។ ទី២. ម្ចាស់ផ្ទះឈ្មោះ ជូ មួក ភេទប្រុស អាយុ៦៥ឆ្នាំ ផ្ទះទំហំ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់ប៉ើងដំបូលស័ង្កសីអស់ចំនួន១២សន្លឹក។ នៅភូមិស្រែអន្ទាក់ចំនួន០២ខ្នង ៖ ទី១. ម្ចាស់ផ្ទះមានឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ៥×៧ ខ្យល់កន្ត្រាក់ប៉ើងដំបូលស័ង្កសី អស់ចំនួន២៥សន្លឹក។ ទី២.ម្ចាស់ផ្ទះឈ្មោះ ដៀវ ដឿន ភេទប្រុស អាយុ៦០ឆ្នាំ ផ្ទះទំហំ ៥×៦ ខ្យល់កន្ត្រាក់រប៉ើងដំបូលស័ង្កសីអស់ចំនួន១៥សន្លឹក។
ប្រភពបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០២៣នេះ ទើបតែមានភ្លៀង១មេ ខណ:ដែលអាកាសធាតុ ក្តៅខ្លាំងគួរឱ្យកត់សម្គាល់ លុះមេឃខ្មៅអួរអាប់ ក្លាយទៅជាងងឹតស្លុបក៏បង្កជាភ្លៀងលាយឡំដោយខ្យល់ កន្ត្រាក់តែម្តង។ នៅមុនពេលភ្លៀង និក្រោយភ្លៀង គេមិនឃើញមានផ្គររន្ទះ គួរភ័យខ្លាចនោះទេ តែប្រជាពលរដ្ឋមានប្រុងប្រយ័ត្នខ្ពស់ ដោយនាំគ្នាឈប់សម្រាកនៅតាមផ្ទះរៀងៗខ្លួន៕ ដោយ ៖ នីយ៉ា