ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ គេសង្កេតឃើញនៅតាមដងផ្លូវសាធារណៈនានាក្នុងក្រុងប៉ៃលិនត្រូវបានរដ្ឋបាលខេត្តក្រុង រៀបចំតុបតែងជាផ្កាភ្ញី និងភ្លើងអគ្គិសនីចម្រុះពណ៌ជាពិសេសនៅសួនកុមារទល់មុខសាលាខេត្តប៉ៃលិន កំពុងតែរៀបចំយ៉ាងស្រស់ស្អាត ត្រៀមសម្រាប់សង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈដែលអាជ្ញាធរខេត្តរៀបចំចំនួន៤ទីតាំង ដើម្បីញុំាងឱ្យបរិយាកាសសប្បាយរីករាយ។



លោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស. ស. យ.ក ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា ៖ នៅឆ្នាំ២០២៣នេះ

ខាងរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំសង្ក្រាន្តចំនួន៤ទីតាំងក្នុងនោះមាន

ទី១. រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន

ទី២. រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ទី៣. ភូមិ ស.ស.យ.ក ចំណុចស្ទឹងបរប៉ៃលិន ហៅស្ទឹងតារាប នៅតាមបណ្តោយដងស្ទឹង ស្ថិតនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន

និងទី៤. ទីតាំងសង្ក្រានធំជាងគេគឺនៅបរិវេណវិមានឯករាជ្យទល់មុខសាលាខេត្តប៉ៃលិន។




លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមទៀតថា ៖ គ្រប់ទីតាំងមានលេងល្បែងកម្សាន្ត របាំប្រជាប្រិយគ្រប់ប្រភេទ ។ មានកន្លែងដាក់តាំងពិព័រណ៌ សមិទ្ធផលក្នុងខេត្ត មកពីតាមមន្ទីរនីមួយៗ និងមានលក់ម្ហូបអាហារបែបសហគមន៍ ដែលមានម្ហូបអាហារនំគ្រប់ប្រភេទ មានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសខាងយុវជន ស.ស.យ.ក និងដឹកនាំយុវវ័យរៀបចំលេងល្បែងប្រជាប្រិយនៅភូមិ ស.ស.យ.ក ផងដែរ ។ ជាមួយគ្នានេះ ដើម្បីឱ្យកាន់តែមានភាពខុសគ្នាពីឆ្នាំ២០២២កន្លងទៅ គឺរដ្ឋបាលខេត្តប៉ៃលិន ចាប់ផ្តើមរកគន្លឹះច្នៃម៉ូដផ្ការៀបចំតុបតែងកែលម្អនៅតាមដងផ្លូវសាធារណៈក្នុងក្រុងប៉ៃលិនឱ្យប្រែក្លាយ ទៅជាមានសោភណ្ឌភាពល្អស្រស់បំព្រង ជាពិសេសនៅពេលយប់មានភ្លើងបំភ្លឺគួរឱ្យចង់គយគន់តាមដងផ្លូវគ្រប់ច្រកល្ហកតែម្តង ។ រដ្ឋបាលខេត្តប៉ៃលិនក៏បានរៀបចំជាក្រងជាផ្ការំដួល ពណ៌លឿងដាក់តាំងនៅតាមចិញ្ចើមផ្លូវដើម្បីរំលេចពណ៌ឱ្យក្លាយទៅជា ទីក្រុងស្អាតខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតមកដល់ ៕