ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ គេសង្កេតឃើញបន្លែម្ទេសហាវ៉ៃ និងបន្លែស្ពៃផ្កាស និងស្ពៃខៀវ របស់ប្រជាកសិករម្នាក់ ដែលដាំដុះជាលក្ខណ:បច្ចេកទេសនៅត្រង់ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានការស្វិតស្រពោនបន្តិចម្តងៗ ដោយសារតែអាកាសធាតុក្តៅខ្លាំង ហើយក៏មានបញ្ហាជំងឺក្រាស៊ី ខណ:ម្ចាស់មិនទាន់ដឹងរិះរករបៀបកំចាត់ចោលនៅឡើយទេ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ផៃ ផានី អាយុ៤១ឆ្នាំ ប្រពន្ធ ឈ្មោះ ណន សោភា រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ លោកបានដាំម្ទេសហាវ៉ៃជាង១០០០ដើម និងស្ពៃ៣កន្លែងនៅក្បែរៗគ្នា ដោយម្ទេសរបស់លោក ជិតដល់ពេលត្រូវប្រមូលផលដែរហើយ នៅសល់ត្រឹមតែរយ:ពេល១អា ទិត្យទៀតប៉ុណ្ណោះ។ លោកបន្តទៀតថា បញ្ហាប្រឈមនឹងការខូចខាតដំណាំម្ទេសហាវ៉ៃ ដែលដាំតាមលក្ខណ:បច្ចេកទេសនេះ គឺទើបតែចាប់ផ្តើមមានកើតមានឡើងក្រាស៊ី បណ្តាលឱ្យស្វិតប្រពោន ដោយខាងលោកក៏មិនទាន់ដឹងថាតើត្រូវរកថ្នាំអ្វី ដើម្បីព្យាបាល ឬទប់ស្កាត់កុំឱ្យងាប់បានឡើយ ពោលគឺដោយចាប់ផ្តើមងាប់ជាបណ្តើរៗ។ លោកបន្តទៀតថា ការដាំដំណាំបន្លែ តាមរបៀបបច្ចេកទេសថ្មីនេះ គឺធ្វើឡើងអស់រយ:ពេលជិត២ឆ្នាំមកហើយ ចំពោះការព្យាបាលដំណាំ ដែលកំពុងជួបបញ្ហាជំងឺនេះ ខាងលោកក៏ចាប់ផ្តើមរកវិធីសាស្ត្រផ្សេងៗ ដើម្បីព្យាបាលដោយខ្លួនឯង។ បញ្ហាប្រឈមមួយទៀត ចំពោះដំណាំបន្លែរបស់ខ្លួនសព្វថ្ងៃ គឺនៅពេលនេះ អាកាសធាតុក្តៅខ្លាំង ព្រោះជិតដល់រដូវចូលឆ្នាំថ្មីប្រពៃណីជាតិ បណ្តាលឱ្យរួញស្លឹក និងជ្រុះផ្កាក្តិបអស់ជាច្រើន មានការធ្លាក់ចុះទិន្នផលគួរឱ្យកត់សម្គាល់ផងដែរ។
ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ លោកនៅតែថែទាំដំណាំបន្លែនេះដដែល ព្រោះនិស្ស័យស្រឡាញ់ចូលចិត្តខាងផ្នែកកសិកម្ម។ ហើយម្ទេសហាវ៉ៃ បច្ចុបន្ន ឈ្មួញហ៊ានទិញក្នុងតម្លៃត្រឹមតែ១គីឡូក្រាម តម្លៃ៥០០០ទៅ៦០០០រៀលប៉ុណ្ណោះ ដែលកាលពីមុនគឺមានតម្លៃខ្ពស់គ្រាន់បើ។ តែទោះបី ជាយ៉ាងណា ការដាំដំណាំបន្លែលក់នេះ មិនសូវមានការខាតទុនច្រើនប៉ុន្មាននោះទេ ដោយចំណេញអាចទទួលយកបាន ព្រោះខាងលោកមានការយកចិត្តទុកដាក់ថែទាំបន្លែគ្រប់ពេលវេលា លុះពេលជិតដល់ប្រមូលផល ឈ្មួញឃើញផ្លែម្ទេសល្អៗ ក៏ទិញយកទៅលក់ដូរនៅតាមផ្សារដាច់អស់ៗតែម្តង៕