ខេត្តប៉ៃលិន ៖ 

អាពាហ៍ពិពាហ៍រវាងកូនកម្លោះពីរនាក់ បងប្អូនបង្កើតនៅខេត្តប៉ៃលិន ដែលបានស្គាល់គ្នាជាមួយកូនក្រមុំភ្លោះ អ្នកខេត្តបាត់ដំបង តាមរយ:ហ្វេសប៊ុក អស់រយ:ពេលជាង១ឆ្នាំ លុះក្រោយពេលធ្វើការងារសន្សំបានថវិកាគ្រប់គ្រាន់ រហូតមកដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៣នេះ បានចូលផ្ទឹមទាំងពីរគូក្នុងរោង និងថ្ងៃតែមួយ ហើយទទួលភ្ញៀវហូបភោជនាហារនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ខណ:ឪពុកម្តាយខាងប្រុសយកមករៀបចំផ្សំផ្គុំនៅឯគេហដ្ឋានខាងខ្លួន ដោយសារតែខាងកូនស្រីមានម្តាយជាស្ត្រីមេម៉ាយក្រខ្សត់។


បើតាមការរៀបរាប់ពីបុរសជាឪពុកខាងកូនប្រុសទាំងពីរ ឈ្មោះ ហាម ចាន់តារា អាយុ៥៧ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ៅ សុចាន់ណា រស់នៅក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ កូនកម្លោះគាត់ ដែលរៀបការក្នុងថ្ងៃតែ១ នៅពេលនេះ ទី១. ឈ្មោះ រ៉ា ចាន់រក្សា អាយុ២០ឆ្នាំ ទី២. ឈ្មោះ រ៉ា ចាន់ខាំឈីត អាយុ១៨ឆ្នាំ រីឯខាងកូនក្រមុំភ្លោះទី១. ម៉ាប់ ផល្លី អាយុ១៨ឆ្នាំ ទី២. ម៉ាប់ ផល្លា អាយុ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើតនៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយម្តាយ មាន ឈ្មោះ គយ ចន្ធូ ជាស្រ្តីមេម៉ាយ។ បុរសជាឪពុកបានបន្តទៀតថា ក្រោយពេលដណ្តឹងរួចមិនទុកយូរនោះទេ លោកក៏បាននាំយកមករៀបចំពិធីផ្សំផ្គុំកូនទាំង២គូ នៅឯផ្ទះរបស់ខ្លួន ដោយម្តាយខាងស្រីមានការយោគយល់ ហើយយកថ្លៃទឹកដោះតែកូនម្នាក់ត្រឹមចំនួន៥០០ដុល្លារប៉ុណ្ណោះ។ លោកបន្ថែមថា មុនដំបូងពួកគេបានស្គាល់គ្នាតាមរយ:ការលេងហ្វេសប៊ុក ខណ:កូនប្រុសទាំងពីរនាក់របស់ខ្លួនកំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមកកូនប្រុសម្នាក់ ក៏សុខចិត្តត្រឡប់មកពីប្រទេសថៃ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់កាន់តែខ្លាំង រួចកូនប្រុសច្បងរបស់គាត់ រៀបការជាមួយកូនភ្លោះបង ហើយកូនប្រុសប្អូន រៀបការជាមួយកូនភ្លោះប្អូន មានន័យថា បងយកបង ប្អូនយកប្អូន។ 





លោកបញ្ជាក់ទៀតថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់លោកទាំងពីរនាក់ នឹងចាកចេញពីផ្ទះទៅរស់នៅខាងម្តាយក្មេក ដោយពួកគេលែងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតហើយ ដោយធ្វើការងារក្បែរៗ ផ្ទះ កុំឱ្យឃ្លាតឆ្ងាយពីប្រពន្ធកូន ព្រោះការចំណាកស្រុកទៅរកស៊ីនៅប្រទេសគេមានការលំបាកណាស់។ សូមបញ្ជាក់ថា ៖ នេះជាលើកទី១ហើយ ដែលនៅក្នុងខេត្តប៉ៃលិន មានករណីបងប្អូនស្រឡាញ់ នារីជាកូនភ្លោះ ហើយបានរៀបការទាំងពីរគូនៅថ្ងៃតែ១ ដែលទាំងឪពុកម្តាយខាងប្រុស និងម្តាយខាងស្រីក៏មានការសប្បាយរីករាយ ទោះបីជាការរៀបអាពាហ៍ពិពាហ៍មានការខាតបង់បន្តិចបន្តួច ព្រោះរកវេលាប៉ះចំផ្ទៃមេឃងងឹត អត់សូវមានអ្នកចូលរួមហូបអាហារ តែគាត់បានចំណេញកូនប្រសារស្រី២នាក់ដែរ៕