ខេត្តប៉ៃលិន ៖
ប្រជាពលរដ្ឋម្នាក់មានការភ័យស្លន់ស្លោ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលភ្ជួររាស់នៅលើដីចម្ការរបស់ខ្លួនដែលធ្វើរាល់ឆ្នាំ បែរជាផុសចេញនូវគ្រាប់បេ ដែលនៅសេសសល់ពីសម័យសង្គ្រាម។ ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញក្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ កែវ វិត ភេទប្រុស អាយុ៦៦ឆ្នាំ បានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃកើតហេតុ គាត់់បានយកគោយន្តកន្ត្រៃទៅភ្ជួរដីចំការរបស់ខ្លួនដូចសព្វដង ក្រោយពីរួចរាល់ក៍រាស់បំបែកដី ដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរហូតដល់១៤គ្រាប់ (ប្រភេទគ្រាប់ B៤០ចំនួន០៦គ្រាប់ និងគ្រាប់ ៦០មីលីម៉ែត្រ ចំនួន០៨គ្រាប់) ធ្វើឱ្យគាត់ព្រលឹងចុងសក់តក់ស្លុតតែម្តង។ គាត់បញ្ជាក់ថា ភ្លាមនោះ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះខាងលើ ត្រូវបាន កម្លាំងប៉ុស្តិ៍រដ្ឋបាលទំនាក់ទំនងទៅអង្គភាពកំចាត់មីន ស៊ីម៉ាក់ (CMAC) ដើម្បីយកទៅរក្សាទុក និងកំទេចចោល ដើម្បីជៀសវាងបង្កគ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើផងដែរ៕