ខេត្តប៉ៃលិន ៖

ស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ជិះម៉ូតូតាមបណ្តោយដងផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានបុរស ម្នាក់ស្រវឹងស្រាបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយពេញទំនឹង បណ្តាលឱ្យដួលប្រាវ រងរបួសធ្ងន់តែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបើកទ្វាររថយន្តបម្រុងរថគេចខ្លួន តែត្រូវនគរបាលក្របួចជាប់ភ្លាមៗ ដើម្បីចូលខ្លួនដោះស្រាយ។ 



ហេតុការណ៍ ករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកស្រ្តីរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ធ្ងរនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង០០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខសាលាស្រុកសាលាក្រៅ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត១គ្រឿង (កម្រិតស្រាល)។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីបង្ក មាន ឈ្មោះ អ៊ុយ ធា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) ដោយបើកបររថយន្តម៉ាកឡិចស៊ីស (LEXUS300) ពណ៌សកាំម៉ៃ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3220 បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបង្កភ្លាមៗ។



ចំណែកភាគីរងគ្រោះ ឈ្មោះ ថោង ស្រីវី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ដោយបើកបរម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម-ស គ្មានស្លាកលេខ។ប្រភពបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយធ្វើឱ្យស្រ្តីរងរបួសបែកក្បាល សន្លប់នៅនឹងកន្លែងនេះ គឺបណ្តាលមកពីកត្តាមម្ចាស់រថយន្តបើកបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយស្ថិតក្នុងស្ថានភាពស្រវឹង។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងដោះស្រា យតាមនីតិវិធីច្បាប់៕