ខេត្តប៉ៃលិន ៖ 

ឪពុកម្តាយ និងយាយ នាំគ្នាស្រែកទ្រហោយំ ក្រោយពេលនាំគ្នារាវរកក្មេងប្រុសតូចម្នាក់ នៅក្នុងស្រះទឹកក្បែរផ្ទះឃើញ ខណ:ដែលឪពុកម្តាយមិននៅចេញទៅធ្វើការ ដោយទុកតែកូនៗ ឱ្យនៅជាមួយនឹងយាយ លុះពួកគេនាំគ្នាស្ទូចត្រី សង្ស័យរអិលជើង បណ្តាលឱ្យធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់ ពេលបងប្រុសរបស់គេឈឺពោះរត់ចូលទៅក្នុងបន្ទប់ទឹក។  ហេតុការណ៍ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន 



ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ក្មេងប្រុសរងគ្រោះ មាន ឈ្មោះ ខេង ចិត្រា ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិសង្កាត់ខាងលើ។ បើតាមការរៀបរាប់ពីឪពុកក្មេងរងគ្រោះ ឈ្មោះ នួន មាន អាយុ៥៣ឆ្នាំ ជាកសិករ ម្ដាយឈ្មោះ ខែម ធា អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិ/សង្កាត់ខាងលើ បានឱ្យភ្នាក់ងារយើងដឹងថា ៖ កាលពីវេលាម៉ោងប្រហែល០៨ និង៣៥នាទីព្រឹកថ្ងៃដដែល កូនប្រុសរបស់ពួកគាត់០២នាក់ បានទៅអង្គុយស្ទូចត្រីនៅមាត់ទឹកស្រះខាងមុខផ្ទះ ដែលមានបណ្តាយប្រវែង២៥ម៉ែត្រ និងទទឹង២៥ម៉ែត្រ ជម្រៅប្រហែល១០ម៉ែត្រ ជាមួយក្មេងម្នាក់ទៀត ត្រូវជាបងប្អូន។ ប្រភពបន្តទៀតថា ពេលនោះបងប្រុសរបស់គេ ឈឺបត់ ជើង ក៏បានរត់ទៅបន្ទប់ទឹកនៅក្នុងផ្ទះ លុះពេលត្រឡប់មកវិញ ស្រាប់តែបាត់ប្អូនប្រុស ហើយក៏ប្រញាប់រត់ទៅសួរយាយ។ ភ្លាមៗនោះយាយចាប់ផ្តើមដើររកទាំង២នាក់ចៅ ក៏ឃើញស្បែកជើងចៅនៅក្បែរមាត់ទឹកស្រះ ក៏ទូរស័ព្ទហៅម្ដាយនិងឪពុកក្មេងរងគ្រោះ ឱ្យចុះរាវរកក្នុងទឹកស្រះ ក៏ប្រទះឃើញ លុះលើកមកលើគោក កូនចៅរបស់ពួកគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។


ប្រភពបញ្ជាក់ថា ៖ សពក្មេងរងគ្រោះ ត្រូវបានកម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច័យ ពិនិត្យឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកស្រះ ពិតប្រា កដមែន ហើយនគរបាលជំនាញក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិខាង លើ៕