ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ គេសង្កេតឃើញកសិករមួយគ្រួសារកំពុងមមាញឹកក្នុងការប្រមូលផលបន្លែខាត់ណា ម្ទេសប្លោក និងស្ពៃក្តោប ជាបណ្តើរៗ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


បើតាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ផាន ផាន់នី ប្រពន្ធ ឈ្មោះ ណន សោភា បានរៀបរាប់ឱ្យដឹងថា ក្រោយត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េវិញ លោកបានដើមទុនមួយចំនួន ក៍នឹកឃើញពីការប្រកបរ បរដាំបន្លែ តាមបច្ចេកទេសថ្មី ដោយធ្វើរោងហ៊ុស្បៃមុងបិទជិតដើម្បីការពារកុំសត្វល្អិត និងសត្វដង្កូវចូលទៅស៊ីបំផ្លាញ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា លោកក៍ចាប់ផ្តើមដាំបន្លែច្រើនមុខដូចជាម្ទេសប្លោក ខាត់ណា និងស្ពៃក្តោបជាដើម។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ បន្លែស្ពៃក្តោប ចាប់ផ្ដើមប្រមូលផលជាបន្តបន្ទាប់ ដោយលក់ឱ្យឈ្មួញ ចូលទៅទិញដល់កន្លែងតែម្តង ដោយ ក្នុង១គីឡូក្រាម លក់តម្លៃ២៥០០រៀល។


ទោះបីជាបន្លែដែលខ្លួនដាំមានតម្លៃទាបបន្តិចក៏ដោយ តែដោយសារប្រើជីធម្មជាតិខ្លួនឯង មិនទិញនៅទីផ្សារ ដូច្នេះខាងលោកមានការខាតនោះទេ គ្រាន់តែចំណេញតិចតួចប៉ុណ្ណោះ។ លើសពីនេះនៅបន្តដាំបន្លែផ្សេងៗថែមទៀត ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ៕