ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ គេសង្កេតឃើញដំណាំពោតក្រ ហមជាច្រើនហិកតា របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងភូមិមួយចំនួនទៀតកំពុងតែទទួលរងការស្វិតស្រពោន ខណ:ផ្ទៃមេឃរាំងភ្លៀងរយ:ពេលយូរ ដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីការខាតបង់យ៉ាងខ្លាំង។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ម៉ៅ រស់នៅក្នុងភូមិប៉ាហ៊ីជើង និង ឈ្មោះ រឿន រស់នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន បានឱ្យដឹងស្រដៀងគ្នាថា ៖ ក្រោយពីមេឃធ្លាក់ភ្លៀងជាប់ៗគ្នា ធ្វើឱ្យដីសើម ពួកគាត់ក៏ចាប់ផ្តើមភ្ជួរដីដាំពោតក្រហម ដោយអ្នកខ្លះដាំដំណាំនេះ ២ទៅ៣ហិកតា ហើយក៏ ចាប់ផ្តើមលូតលាស់យ៉ាងល្អ។ ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែ រហូតមកដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣នេះ ស្រាប់តែផ្ទៃមេឃប្រែក្លាយទៅជាស្រឡះគ្មានភ្លៀងធ្លាក់អស់រយ:ពេលយូរថ្ងៃ ទើបធ្វើឱ្យ ដើមពោតជាច្រើនក្លាយទៅជាស្វិតស្រពោន ស្ទើរតែងាប់អស់រលីងតែម្តង។
ពួកគាត់ពិតជាមានការព្រួយបារម្ភខ្លាំង ព្រោះការដាំដំណាំពោតក្រហមប្រវាស់នឹងទឹកភ្លៀងនេះ ពិតជាមានការលំបាកខ្លាំង បើទោះបីជានៅថ្ងៃខាងមុខមានភ្លៀងធ្លាក់ ក៏មិនសង្ឃឹមថា នឹងទទួលបានផលខ្ពស់ដែរ។ ចំណែកអ្នកភូមិផ្សេងទៀត ក៏បានបង្ហើបឱ្យដឹងដែរថា មិនត្រឹមតែដំណាំពោតក្រហមប៉ុណ្ណោះទេ សូម្បីតែដំឡូងមីក៏មានការស្វិតងាប់ដើមជាបណ្តើរៗផងដែរ ហើយបើសិនជារាំងភ្លៀងរយ:ពេលយូរបន្តិចទៀត អាចប្រឈមនឹងការងាប់ខូចខាតដូចដំណាំពោតក្រហមដែរ។ សូមបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន កាលមានព្រៃឈើដុះច្រើន ភ្លៀងក៏ទៀងទាត់ លុះមានការកាប់រានព្រៃកាន់តែអស់ ដើម្បីបង្កបង្កើនផលដំណាំផ្សេងៗ ស្រាប់តែអាកាសធាតុក៏កាន់តែប្រែប្រួល កំដៅក៏កាន់តែឡើងខ្លាំង៕