ខេត្តប៉ៃលិន ៖ 

មានហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលមួយ ខណ:ដែលនាយប៉ុស្តិ៍នគរបាលការពារព្រំ ដែនជើងគោកអូរឈើក្រំ នៅអង្គុយយាមសុខៗ ស្រាប់តែមានសភាពឈឺចុកចាប់ក្នុងទ្រូង ហើយក៏ស្រែ កហៅឱ្យមិត្តភក្តិមកជួយរឹត ដើម្បីឱ្យបានធូរស្បើយ រួចក៏ប្រាសដេកនៅក្នុងរោងចាំយាម។ តែសភាពជំងឺកាន់តែខ្លាំងឡើងៗ ទោះបីជាមានអ្នកមកជួយយ៉ាងណា ក៏មិនអាចជួយបាន ទើបបណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង ដោយគេសង្ស័យថា កើតជំងឺគាំងបេះដូង។ ហេតុការណ៍នាយប៉ុស្តិ៍នគរបាលព្រំដែនជើងគោកស្លាប់ដោយសង្ស័យគាំងបេះដូងនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងប៉ុស្តិ៍អូរឈើក្រំ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  





ប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឱ្យដឹងថា ៖ ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ភារិន អាយុ៣៧ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរឈើក្រំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងអង្គុយនៅយាមកន្លែងប៉ុស្តិ៍ ជាមួយនឹងមិត្តភក្តិផ្សេងៗទៀត លុះដល់ពេលរសៀលស្រាប់តែជនរងគ្រោះពោលប្រាប់គេឯងថា មាន សភាពឈឺចុកចាប់នៅក្នុងដើមទ្រូង ហើយក៏កាន់តែឈឺខ្លាំងឡើងៗ ក៏បម្រះដេកនៅក្នុងរោងប៉ូស្តិ៍ និងប្រាប់ឱ្យអ្នកជិតខាងមកជួយរឹត។ ទោះបីជាយ៉ាងណា ជនរងគ្រោះមិនអាចដឹងខ្លួនក៏ បានទទួលមរណភាពតែម្តង។ ប្រភពបញ្ជាក់ថា មូលហេតុនេះ គេសង្ស័យតែកើតជំងឺខ្យល់គរ ឬគាំងបេះដូង ។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ឱ្យសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯផ្ទះស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕