ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋម្នាក់ បានចេញទៅមើលចំការដំណាំដំឡូងមី ស្រាប់តែប្រទះឃើញ ម៉ូតូ១គ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B- 50 28 ត្រូវបានគេយកទៅប្លង់ចោលក្នុងចំការរបស់ខ្លួន ដោយសង្ស័យជាម៉ូតូក្មេងទំនើង លុះពិនិត្យមើលទៅឃើញមានស្នាមកាប់ទៅលើម៉ូតូ និងមានឈាមជាប់នឹងម៉ូតូផងដែរ។ 


ហេតុការណ៍ប្រទះឃើញម៉ូតូឌ្រីម ១គ្រឿង ត្រូវគេយកទៅប្លុងចោលក្នុងចំការដំឡូងមីនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងចំការដំឡូងមីរបស់កសិករ ឈ្មោះ ឈឿន ភេទប្រុស នៅក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ប៉ៃលិន បានបង្ហើបឱ្យដឹងថា ៖ មុនពេលកើតហេតុ ម្ចាស់ចំការខាងលើ បានចេញពីផ្ទះទៅជម្រះស្មៅដំឡូងមីក្នុងចំការរបស់ខ្លួន លុះក្រឡេកមើលទៅ ស្រាប់តែឃើ ញម៉ូតូឌ្រីម១គ្រឿង ត្រូវបានគេកាប់ដាច់ដៃចង្កៀង ហើយមានប្រឡាក់ទៅដោយឈាមផងដែរ។ ប្រភពបន្តទៀតថា កាលពីយប់មុនពេលកើតហេតុ មានក្រុមក្មេងទំនើងជាច្រើននាក់ បានឈ្លោះទាស់ទែងជិះ ម៉ូតូដេកកាប់ចាក់គ្នា ហើយក៏ត្រូវបាននគរបាល ចុះល្បាតឃើញ ដេញតាមប្រកិតពីក្រោយ តែត្រូវពួកគេរត់គេចខ្លួនអស់ លុះព្រឹកឡើងស្រាប់តែមានម្ចាស់ចំការម្នាក់រាយការណ៍ ពីករណីប្រទះឃើញម៉ូតូតែម្តង។ប្រភពដដែលបានបន្ថែមទៀតថា បើសិនជាម្ចាស់ម៉ូតូ ឬប្រជាពលរដ្ឋ ណាម្នាក់នៅក្នុងភូមិបាត់ម៉ូតូ អាចទាក់ទង ទៅយកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន៕