ខេត្តប៉ៃលិន ៖
បន្ទាប់ពីមានករណីលួចដោយមានស្ថានទម្ងន់ទោសទៅលើជនរងគ្រោះម្នាក់ រហូតដល់វេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បុរសម្នាក់ ឈ្មោះ ហ៊ុល ស៊ីណាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ហើយបន្ទាប់ពីទទួលបានទទួលពាក្យបណ្តឹងភ្លាមៗ ក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០២ និង៣០នាទីទាបភ្លឺ ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលទៅលួចក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ធ្វើឱ្យបាត់បង់នូវកាបូបប្រាក់ ដែលមានថវិកាចំនួន៧០ម៉ឺនរៀល។ ទូរស័ព្ទដៃម៉ាក IPhone 7Plus ចំនួន០១គ្រឿង ប័ណ្ណបើកបររថយន្ត១សន្លឹក។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក។ ប្រភពបន្តទៀតថា ក្រោយពេលទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ និងប៉ុស្តិ៍ប៉ៃលិនប៉ៃលិន បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់នាំខ្លួនជនសង្ស័យចំនួន០២នាក់ កំពុងស្នាក់នៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនទៅកា ន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរបន្ថែម។
ប្រភពបញ្ជាក់ថា ជនសង្ស័យ ទី១- ឈ្មោះ សាំង វិសឿ ហៅ អាស៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ទី២- ឈ្មោះ រិន ចំរើន ហៅ អារ៉យ ភេទប្រុស១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទោះបីជាយ៉ាងណា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានលួចកាបូបលុយ លួចទូរស័ព្ទដៃ និងសម្ភារ:ខាងលើពិតប្រាកដមែន។ជនសង្ស័យបានរៀបរាប់បន្ថែមថា លើសពីនេះ ពួកគេក៏ធ្លាប់បានធ្វើសកម្មភាពឆក់ ចំនួន០៣ករណីផ្សេងទៀត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ និងជនសង្ស័យឈ្មោះ រិន ចំរើន ហៅអារ៉យ បានធ្វើសកម្មភាពភាពឆក់ទូរស័ព្ទដៃ ម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង ពីស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៥៧ នៅចំណុចក្បែរផ្លូវចូលទៅវត្តអូររអិល ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសម្រេច។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ ហៅ អាស៊ី និង ជនសង្ស័យឈ្មោះ រិន ចំរើន ហៅ អារ៉យ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ចំនួន០១គ្រឿង ម៉ាក IPhone 11promax ពណ៌ទឹកមាស ពីស្រ្តីចំនួន០២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៥៧ នៅចំណុចក្បែរសាលាបឋមសិក្សាបឹងព្រលិត នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចជិះម៉ូតូគេចខ្លួន។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ និងជនសង្ស័យឈ្មោះ រិន ចំរើន ហៅ អារ៉យ បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវចូលអាហារដ្ឋានបឹងបៃតង ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន បានប្រាក់ថៃ ចំនួន២៣០០បាត ស្មើនឹងជាង២០ម៉ឺនរៀល និងលួចសៀវភៅការងារជនបរទេស០១សន្លឹក។
លើសពីនេះ វត្ថុតាងដែលដកហូតរួមមាន៖ ម៉ូតូរបស់ឈ្មោះ រិន ចំរើន ហៅអារ៉យ ភេទប្រុស អាយុ១៧ឆ្នាំ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ផ្លាកលេខប៉ៃលិន1D-8974 ០១គ្រឿង (ម៉ូតូធ្វើសកម្មភាពលួចឆក់កន្លងមក)។ កាបូបប្រាក់ចំនួន០២ ប័ណ្ណបើកបររថយន្ត០១សន្លឹក។កាតគ្រីរថយន្ត០១សន្លឹក។ កាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។ សៀវភៅការងារជនបរទេស០១សន្លឹក។ ក្រោយពីសាកសួរ ជនសង្ស័យទាំង០២នាក់ខាងលើជាមុខសញ្ញាសកម្ម ពាក់ព័ន្ធនឹងករណីលួច ឆក់ជាច្រើនករណី ហើយជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់ ៕