ខេត្តប៉ៃលិន ៖ 

យុវសិស្សម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈពេលបើកបរម៉ូតូក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៍ជ្រុលធ្លាក់ប្រឡាយអត់ទឹករងរបួសតែម្តង។ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១២:៣០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ និងខូចខាតម៉ូតូ ០១គ្រឿង (កម្រិតស្រាល)។




ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ កែវ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសបាក់ជើងខាងឆ្វេង) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-0601។ ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែលបណ្តាលឱ្យដួលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវថ្នល់(កោងខ្លាំង) ទើបបណ្តាលឱ្យបួងចង្កូតមិនទាន់ដួលប្រាវរងគ្រោះថ្នាក់ធ្ងន់តែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរក្សាទុកជួសជុល ៕