ខេត្តប៉ៃលិន ៖ 

នៅវេលាម៉ោង ០០ និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីម្ចាស់ចម្ការពោតម្នាក់ ឈ្មោះ ហ៊ាន់ រ៉ន ភេទស្រី  អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:ដែលមានករណីចោរលួចកាច់ពោត កើតហេតុនៅចំណុចទល់មុខមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពេលទទួលពាក្យបណ្ដឹងរួច កម្លាំងប៉ុស្ដិ៍សាលាក្រៅ បានសហការជាមួយកម្លាំងប្រចាំប ញ្ជា និងកម្លាំងព្រហ្មទណ្ឌស្រុក បានដាក់កម្លាំងចាំពួនស្ទាក់ រហូតដល់ម៉ោងបីទាបភ្លឺ ជនសង្ស័យបានចេញទៅយកម៉ូតូ ដែលពួកគេរត់ចោល។ ពេលនោះកម្លាំងនគរបាល បានដេញប្រផាប់ចាប់ប្រភីងរហូតចាប់ជនសង្ស័យបានចំនួន០៣នាក់។



ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖ ទី១. ឈ្មោះ ភេង ផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេតេស្តវិជ្ជមាន) ជា អ្នកធ្វើសកម្មភាព និងធ្លាប់ជាប់ពន្ធនាគាររយៈពេល០២ឆ្នាំ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទី២. ឈ្មោះ ស៊ីម សា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេស្តវិជ្ជមាន) ជាអ្នកលរួមធ្វើសកម្មភាព។ ទី៣. ឈ្មោះ ស៊ីម សៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្វើតេស្តវិជ្ជមាន) ជាអ្នកចូលរួមធ្វើសកម្មភាព ទាំងអស់គ្នា រស់នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



ប្រភពដដែលបន្តទៀតថា វត្ថុតាងដកហូតរួមមាន ម៉ូតូចាស់០១គ្រឿង គ្មានស្លាកលេខ ដាវចំនួន ០១ដើម ពូថៅ០១ដើម ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន០២កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់មួយចំនួន។ ម្ជុលបកពោតចំនួន០២ដើម ទូរសព្ទម៉ាក Nokia ចុចពិល ០១គ្រឿង ពោតច្រកការ៉ុងរួចចំនួន ០៤ការ៉ុង និងការ៉ុងមិនទាន់ច្រកចំនួន០៥ការ៉ុង។ក្រោយពេលសមត្ថកិច្ចធ្វើការសួរនាំរួច ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានរួមផ្សំគំនិតគ្នា លួចពោតរបស់គេពិតប្រាកដមែន ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើ គឺជាមុខសញ្ញាលួចយ៉ាងសកម្ម  និងជាអ្នកចាត់ចែងការប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រ ស្រុកសាលាក្រៅ។ ច្ចុប្បន្នជនសង្ស័យទាំងអស់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕