ខេត្តប៉ៃលិន ៖
រថយន្តបុកជាមួយ នឹងម៉ូតូបពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរង របួសធ្ងន់ស្រាល២នាក់ ត្រូវបានគ្រូពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ដែល ម្ចាស់ម៉ូតូបើកបរវ៉ាជែងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍រថយន្តបុកគ្នាជាមួយនឹងម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែររង្វង់មូល ស្ថិតក្នុងភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ណែត រស្មី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមន្រ្តីនគរបាល ដោយបើកបររថយន្តម៉ាក កាំម៉ារីស្វិត ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខ ភ២ : 4281 ក្នុងទិសដៅពីជើងទៅត្បូង (គ្មានរបួស)។ អ្នករួមដំណើរ ត្រូវជាប្រពន្ធឈ្មោះ វ៉ាត សុផាន់ អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ ប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស)។ ចំណែកអ្នកបើកបរម៉ូតូមាន ឈ្មោះ សុខ រ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើសំណង់ ដោយបើកបរម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D 9070 ក្នុងទិសដៅពីត្បូងទៅជើង (របួសស្រាល)។ អ្នករួមដំណើរត្រូវជាប្រពន្ធ ឈ្មោះ សួន ចាន់ណា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់ បាក់ក.ជើងខាងស្តាំ និងត្រូវទ្រូងខាងស្តាំ)។
ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែកត្តាមនុស្សបើកបរម៉ូតូវ៉ាជែងខ្វះការប្រុងយ័ត្ន បណ្តាលឱ្យជ្រុលទៅបុកជាមួយនឹងរថយន្តរងរបួសធ្ងន់ស្រាលតែម្តង។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ រីឯរថយន្ត និងម៉ូតូ តូ្រវបានកម្លាំងជំនាញចរាចរណ៍ ស្រុកសាលាក្រៅយកមករក្សាទុក ដើម្បីដោះស្រាយតាម នីតិវិធី៕