ខេត្តប៉ៃលិន ៖ 

មានករណីចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯង ០១ករណី នៅចំណុចកសិដ្ឋានចិញ្ចឹមជ្រូកយីហោ (CKYE) បង្កឱ្យមានការភ្ញាក់ផ្អើល ដោយគេសង្ស័យមានវិបត្តិក្នុងគ្រួសារ ឬបញ្ហាស្នេហា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុង ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ស៊ន សារីន ហៅ អាង៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករចិញ្ចឹមជ្រូក មានស្រុកកំណើតនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិ/សង្កាត់ខាងលើ មានម្ដាយឈ្មោះ សៀវ ស្រីរ័ត្ន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។


បើតាមការរៀបរាប់ពីឈ្មោះ ម៉ា សាន្ដ ភេទស្រី អាយុ៣០ឆ្នាំ អ្នកធ្វើការជាមួយគ្នា បានឲ្យដឹងថា ៖ មុនពេលកើត ជនរងគ្រោះធ្វើការជាមួយនាងធម្មតា លុះដល់ម៉ោងប្រហែង០៨និង៤០នាទីព្រឹក ជនរងគ្រោះខាងលើ បានទៅអង្គុយលេងទូរស័ព្ទមិនធ្វើការងារ ដោយសង្ស័យថាមានវិបត្តិស្នេហា ឬបញ្ហាគ្រួសារ។ ទើបដើរទៅសួរនាំថា ហើយជនរងគ្រោះឆ្លើយប្រាប់វិញថា នាងមិនចង់ធ្វើការទៀតទេ លែងចង់រស់នៅហើយ សូមជួយដាក់ពាក្យលាឈប់ឱ្យនាងផង។ ប្រភព បន្តថា រួចនារីរងគ្រោះកាន់អំបោសទៅបោសសំអាតនៅក្នុងទ្រុងជ្រូក ហើយក៏វាយទ្រុងជ្រូក និងសត្វជ្រូករត់ពេញទ្រុង។ ឃើញដូច្នេះ នាងក៏បានដើរទៅសួរនាំថា ម៉ិចបានធ្វើទ្រគោះបក់បោកអញ្ចឹង នាងស្ដីឱ្យចង់ឱ្យជនរងគ្រោះល្អ ហើយជនរងគ្រោះបានដើរចេញពីកន្លែងចិញ្ចឹមជ្រូកមកក្រៅដេញជ្រូកចុះពីលើឡាន ដើម្បីបញ្ចូលទៅក្នុងទ្រុង និងរាប់ជ្រូកគ្រប់ចំនួនធម្មតា រួចដើរចេញទៅខាងក្រៅទ្រុងជ្រូកទាំងអស់គ្នា។ លុះដល់ម៉ោងប្រហែល១០ និង៤០នាទីព្រឹក ឈ្មោះ អ៊ួង វត្ដ ភេទប្រុស អាយុ៤២ឆ្នាំ អ្នកធ្វើការជាមួយគ្នាបានដើរមកប្រាប់ថា ស៊ន សារីន អង្គុយយំស្រែកនៅកន្លែងចិញ្ចឹមជ្រូក ហើយនាងបានឆ្លើយប្រាប់ទៅឈ្មោះ អ៊ួង វត្ដ វិញថា បើនាងយំ មិនអីទេ តែបន្តិច ទៀតគឺបាត់យំហើយ។ នាងធ្លាប់យំតែអញ្ចឹងឯង និយាយរួចពួកយើងក៍សម្រាកដើម្បីហូបបាយ។ តែឈ្មោះ ស៊ន សារីន មិនបានឡើងមកហូបបាយទេ លុះក្រោយមក ស្រាប់តែឃើញ នាងធ្វើអត្ដឃាតចងកសម្លាប់ខ្លួន ទើបស្រែកប្រាប់ឱ្យកម្មករប្រុសៗ ចំនួន០៣នាក់ចូលទៅស្រាយខ្សែដែលចងកចេញពីដំបូលទ្រុងជ្រូក ដើម្បីយកជនរងគ្រោះចេញមកខាងក្រៅ ហើយខាងប្រធានរដ្ឋបាលរាយការណ៍ជូនទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅតែម្តង។



នគរបាលបានឱ្យដឹងថា សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើកោសល្យវិច័យពិនិត្យឃើថា ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្ន ត្រូវបានសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តបាត់ដំបង៕