ខេត្តប៉ៃលិន ៖ 

ជនជាតិចិនបើកបររថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យដួលរប្រាវរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្សារតាប៉ាច ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿង កម្រិតស្រាល។





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបរម៉ូតូមាន ឈ្មោះ សួន ស្រីម៉ៅ  ភេទស្រី អាយុ២៨ឆ្នាំមុខរបរអាជីវករ រងរបួសធ្ងន់ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស ស្លាកលេខប៉ៃលិន 1C.5469។ ចំណែកអ្នកបើកបររថយន្ដឈ្មោះ ហ្សាវ យូ (ZHAO YU) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មានទីលំនៅបណ្ដោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាន់លិខិតឆ្លងដែនលេខ (E35558022) ដោយបើកបររថយន្ដម៉ាក អូឌី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S.8285 ។ប្រភពបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែជនជាតិចិនបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលទៅបុកម៉ូតូពេញទំហឹងរងរបួសធ្ងន់តែម្តង។បច្ចុប្បន្ន: ម៉ូតូ និងរថយន្តខាងលើ ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកសាលាក្រៅធ្វើកាដកហូត និងយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕