ខេត្តប៉ៃលិន ៖ 

រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពល រដ្ឋមួយគ្រួសារ កំពុងប្រមូលផលផ្លែស្វាយកែវរមៀតខ្ចី ដែលមានទីតាំងចំការស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជួលកម្មករ បេះលក់ឱ្យបន្តឈ្មួញនាំយកបទៅលក់ដូរនៅក្នុងប្រទេសថៃ ដើម្បីបានថវិកាសម្រាប់យកទៅសងជំពាក់បំណុលគេ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។   


បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ជាង ត្រា អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិបឌិននៀវ សង្កា ត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំដើមស្វាយកែវរមៀតជិត៥០០ដើម នៅលើដីចំការរបស់ខ្លួនអស់រយ:ពេលជិត១០ឆ្នាំមកហើយ ក៏ទទួលបានផលផ្លែបេះលក់ឱ្យឈ្មួញជាហូរហែ ដោយឆ្នាំខ្លះខាតដើមខាតចុង ឆ្នាំខ្លះទៀតអាចរួចខ្លួន។ គាត់បន្តទៀតថា ក្រោយពេលបញ្ជាដើមស្វាយឱ្យផ្កា រហូតដល់ផ្លែធំល្មម គាត់ក៏ហៅកម្មករ ឱ្យចូលទៅក្នុងចំការដើម្បីបេះផ្លែស្វាយខ្ចីខុសរដូវលក់ឱ្យឈ្មួញ ខណ:ដែលតម្លៃទីផ្សារផ្លែស្វាយខ្ចីនេះ មានការធ្លាក់ចុះជាងឆ្នាំមុន រហូតដល់ពាក់កណ្តាលឯណោះ ហើយបើទូទាត់លាត់សើយទៅ តម្លៃទាបបែបនេះ មិនមានការចំណេញអ្វីនោះទេ ព្រោះគាត់បានទិញថ្នាំកំចាត់សត្វល្អិត ទិញអកម៉ូនបញ្ជាឱ្យចេញផ្កា និងប្រើជីថែបំប៉នថែមទៀត។ 

ទោះបីជាតម្លៃទីផ្សារមិនការឡើងខ្ពស់ដូចឆ្នាំមុន តែគាត់នៅបន្តហៅឈ្មួញឱ្យចូលទិញព្រោះបើទុកយូរទៅមិនអាចលក់បានប្រាក់សងគេនោះឡើយ។ ហើយនៅពេលនេះ ឈ្មួញទិញផ្លែស្វាយខ្ចីក្នុង១គីឡូក្រាមតម្លៃ៨៥០រៀល ខណ:ដែលឆ្នាំមុនផ្លែស្វាយកែវរមៀតខ្ចីឈ្មួញទិញក្នុង១គីឡូក្រាមតម្លៃ១៥ ០០ទៅ១៦០០រៀលឯណោះ។ ចំណែកឯការចំណាយឱ្យកម្មករគិតក្នុង១ថ្ងៃ អស់ចំនួន៣ទៅ៤ម៉ឺនរៀល។ 

ចំណែកឯឈ្មួញរកស៊ីជួញដូរផ្លែស្វាយម្នាក់ ឈ្មោះ ដានី ភេទស្រី បានរៀបរាប់ឱ្យដឹងថា ការនាំផ្លែស្វាយកែវរមៀតចូលទៅលក់ដូរនៅក្នុងប្រទេសថៃ គឺត្រូវចំណាយបង់ថ្លៃក្បាលឡាន ទាំងភាគីខ្មែរ និងភាគីថៃ ដោយនាំចូល ទៅលក់ដូរ១ជើងបង់ថវិកាអស់២០ម៉ឺនរៀល ដែលមានទម្ងន់ជាង៣តោន។ ហើយការលក់ដូរនៅក្នុងប្រទេសថៃ ក៏មានការចុះទាបដែរ ហើយគេជ្រើសរើសយកតែផ្លែស្វាយល្អៗប៉ុណ្ណោះ បើផ្លែស្វាយមិនត្រូវតាមស្តង់ដា គេនឹងឱ្យដឹកយកមកចាក់ចោលនៅទឹកដីខ្មែរវិញ៕