ខេត្តប៉ៃលិន ៖
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ៤៤គ្រួសារ មកពីចំនួន៤ឃុំគឺ ៖ ឃុំសាលាក្រៅ ឃុំស្ទឹងកាច់ ឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចូលរួមវគ្គបណ្តុះបណ្តាលរបៀបចិញ្ចឹមសត្វឃ្មុំ សារ:សំខាន់ឃ្មុំចំពោះបរិស្ថាន និងផ្សព្វផ្សាយអំពីផលប៉ះពាល់របស់ថ្នាំពុលកសិកម្ម ការប្រើប្រាស់ និងការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដែលវគ្គសិក្ខាសា លានេះ បានធ្វើឡើងនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីពួកគាត់ទទួលបានពូជឃ្មុំចិញ្ចឹម ក្នុង១គ្រួសារ ចំនួន៥សំបុក ពីអង្គការសាម៉ារីតាន់ភឺស ដើម្បីចិញ្ចឹមពង្រីកឱ្យ កាន់តែច្រើន សម្រាប់ប្រមូលផលទឹកឃ្មុំ លក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។
បើតាមលោកគ្រូ ឈៀង ឈូក ជាសាស្ត្រាចារ្យមកពីសកលវិទ្យាល័យមានជ័យ ជំនាញផ្នែកការចិញ្ចឹមសត្វឃ្មុំ បានឱ្យដឹងនៅក្នុងវគ្គបណ្តុះបណ្តាលថា ៖ សត្វឃ្មុំ គឺជាបាណកសត្វ (សត្វល្អិត) ដែលរស់ នៅជាសម្បុក ជាសត្វដែលប្រើទឹកដម និងលំអងផ្កា ជាអាហារ សង់សំបុកពីក្រមួន ហើយរាងសំណុះចំនួន៦ជ្រុងស្មើគ្នា។ មានស្តេចឃ្មុំ ជាអ្នកផ្គត់ផ្គង់ពង និងគ្រប់គ្រងសំបុក បែងចែកជាស្តុកទឹកនៅលើលំអងនិងកូន។ លោកគ្រូបន្តទៀតថា សត្វឃ្មុំមានសារប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយដល់បរិស្ថាន ពោលគឺជួយឱ្យដំណាំរបស់កសិករ ដូចជាមៀនប៉ៃលិន ពោត សណ្តែក ឬដំណាំផ្សេងៗ ទទួលបានផលផ្លែយ៉ាងល្អ ដោយសារតែសត្វឃ្មុំជាអ្នកនាំឱ្យកេសញី និងកេសឈ្មោលរបស់រុក្ខជាតិជួបគ្នា អាចធ្វើឱ្យដំណាំមានផ្លែផ្កាច្រើន ហើយទីណាមានសត្វឃ្មុំច្រើន ដំណាំរបស់កសិករនៅទីនោះនឹងទទួលបានផលជាទីគាប់ប្រសើរ។ លើសពីនេះ ការចិញ្ចឹមឃ្មុំ តាមលក្ខណ:បច្ចេកទេស អាចជួយឱ្យកសិករប្រមូលផលទឹកឃ្មុំ លំអងឃ្មុំ ក្រមួនឃ្មុំ និងអាចបំបែកសំបុកឃ្មុំ លក់បានថវិកាសម្រាប់ផ្គង់ផ្គង់ជីវភាពផងដែរ។
បើតាមលោក ផាន សុផាណារ៉ា ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការប្រើប្រាស់ថ្នាំពុលសម្រាប់កំចាត់សត្វល្អិត នៅតាមចំការនីមួយៗ ពិតជាមានការប៉ះពាល់ខ្លាំងចំពោះសុខភាពខ្លាំង ពោលគឺថ្នាំពុលហូរចូលទៅក្នុងទឹកអូរស្រះ បង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទឹក។ ដូច្នេះ លោកក៏លើកទឹកចិត្តដល់ប្រជាកសិករ រាល់ការប្រើប្រាស់ថ្នាំពុលកំចាត់ស្មៅ ឬសត្វល្អិត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពាក់ម៉ាស និងពាក់អាវភ្លៀង ដើម្បីការពារកុំឱ្យប៉ះដល់ស្បែកសាច់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយ ធ្វើឱ្យខ្សោយកម្លាំងផងដែរ។ ហើយក្រោយពេលបាញ់ថ្នាំពុលក្នុងចំការរួច កសិករត្រូវតែចេះរៀបចំទុកដាក់សំបុកប៊ីដុង ឬថង់ថ្នាំពុលឱ្យបានល្អ ឬជីកកប់ និងដុតចោលឱ្យបានត្រឹមត្រូវផងដែរ។ លើសពីនេះ កសិករ ត្រូវរៀនពីជំនាញនៃការដាំដំណាំ ដើម្បីទទួលបានវិញ្ញប័ណ្ណបត្រពីក្រសួងងាយស្រួល ថែទាំដំណាំកសិផលរបស់ខ្លួនឱ្យបានត្រូវតាមបច្ចេកទេស ងាយស្រួលលក់ដូរទៅក្រៅប្រទេស ដូចជាប្រទេសថៃ និងចិនផងដែរ៕




.jpg)
.jpg)
.jpg)