ខេត្តប៉ៃលិន ៖ នៅពេលភ្លៀងធំធ្លាក់ម្តងៗ គេសង្កេតឃើញ គម្របលូនៅតាមចិញ្ចើមផ្លូវក្នុងក្រុង ប៉ៃលិន ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភាគច្រើន តែងតែស្ទះប្រព័ន្ធលូបង្ហូរទឹក បណ្តាលឱ្យទឹកហូរមិនទាន់ លិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន បង្កឱ្យមានការរំខាន និងព្រួយបារម្ភចំពោះសុវត្ថិភាព ទើបរហូតមកដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាល ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះបើកគម្របលូបង្ហូរទឹកក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យទឹកហូរបានលឿនជៀសវាងខូចផ្លូវថ្នល់ផងដែរ។


បើតាមមន្រ្តីនៃមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា ៖ បន្ទាប់ពីទទួលបានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ខាងមន្ទីរចាប់ផ្តើមបើកគម្របលូប្រព័ន្ធបង្ហូរទឹក ដោយយកគ្រឿងចក្រកកាយកំទេចដី និងសម្រាមចេញពីក្នុងលូ។ ប្រភពបន្តទៀតថា បន្ទាប់ពី បើកគម្របលូចេញ គេឃើញមានកំទេចសម្រាម ដូចជាសំបកថង់ប្លាស្ទីក ដបទឹកក្រូចជ័រ កែវជ័រ នៅពេញពាសក្នុងលូផងដែរ។


មន្រ្តីនៃមន្ទីរជំនាញក៏សំណូមពរដល់ប្រជាបលរដ្ឋរស់នៅក្បែរៗចិញ្ចើមផ្លូវ ត្រូវចេះរក្សាអនាម័យឱ្យបានល្អ មិនត្រូវបោះចោលសម្រាម ឬកាកកសំណល់ពាសវាលពាសកាល ឬទំលាក់ចូលទៅក្នុងប្រព័ន្ធលូបង្ហូរទឹកឡើយ។ លើសពីនេះ សូមឱ្យជួយវេចខ្ចប់កាកសំណល់ឱ្យបានល្អ ដើម្បីឱ្យក្រុមហ៊ុនដឹកយកទៅបោះចោលនៅទីលានចាក់សម្រាម។ ម្យ៉ាងវិញទៀត ការបោះចោលសម្រាមដែលគ្មានសណ្តាប់ធ្នាប់ នាំឱ្យបាត់បង់នូវសោភ័ណភាព និងប៉ះពាល់ដល់បរិស្ថាន ធ្វើឱ្យឆ្លងជំងឺរោគាដល់ក្រុមគ្រួសារ និងអ្នកជិតខាង ដែលនាំឱ្យខាតបង់នូវថវិកា និងពេលវេលាក្នុងការព្យាបាលជំងឺផងដែរ។ លើសពីនេះ នៅពេលដែលភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ឃើញតាមដងផ្លូវ សាធារណ:ល្អ គ្មានសម្រាម នៅពេលក្រោយៗទៀត គេអាចនឹងមានចិត្តចង់ចូលមកលេងសម្សាន្តថែមទៀតផង៕