ថ្ងៃអង្គារ ទី ២៤ តុលា ២០២៣៖​ ទើបក្តោបបានប្រជាប្រិយភាពលើទីផ្សារការងារសិល្បៈ តារាសម្តែងពន្លកថ្មីរូបស្អាត កញ្ញា អូន បូរមី  ដែលទើបគ្រងតំណែងជាតួឯកស្រីក្នុង MV ចម្រៀង និងភាពយន្តភាគខ្មែរជាច្រើនរឿង ស្រាប់តែបាត់មុខឈឹងពីកញ្ចក់ទូរទស្សន៍ និងការបង្ហាញមុខក្នុងកម្មវិធីកម្សាន្តផ្សេងៗ ដែលធ្វើឱ្យហ្វេនៗរបស់ បូរមី ក៏ដូចជាមហាជនលើបណ្តាញសង្គម មានចម្ងល់ជាខ្លាំង។

អូន បូរមី បានកំពុងសម្ងំព្យាបាលជម្ងឺសន្លាក់ជង្គង់មានទឹកដក់ ដែលធ្វើឱ្យជើងទាំង២ របស់នាងហើយ ដើរលែងរួច ដោយត្រូវវះកាត់បូមទឹកចេញក្នុងកម្រិតបន្ទាន់។ ជាហេតុធ្វើឱ្យនាងត្រូវគេងលើគ្រែសម្រាកព្យាបាលមួយរយៈកាល ទម្រាំតែសុខភាពអាចត្រឡប់មកដូចដើម ក្រោយការវះកាត់។


នេះជារឿងហេតុពីក្រោយការបាត់មុខរបស់ បូរមី ដែលខ្លួនកំពុងជួបទុក្ខធំ និងត្រូវរ៉ាប់រងថ្លៃចំណាយលើការព្យាបាលជាច្រើនតែម្នាក់ឯង ខណៈពេលការងារសិល្បៈដែលនាងទទួលបានក្នុងដៃ បែរត្រូវរាំងស្ទះយ៉ាងខ្លាំង។

អូន បរមី បានជូនដំណឹងមកកាន់ក្រុមអ្នកសារព័ត៌មានប៉ុស្តិ៍លេខ៥ថា បន្ទាប់ពីស្ថានភាពជម្ងឺបានធូរស្បើយ រូបនាងនឹងត្រឡប់មកទទួលការងារថតពេញដៃពេញជើងឡើងវិញ។

សព្វថ្ងៃនាងកំពុងប្រឹងប្រែងចាប់កាសការងារ ដើម្បីរកលុយទំនុកបំរ៉ុងគ្រួសារ ដោយមានអ្នកម្តាយជាស្ដ្រីមេម៉ាយ និងការសម្រេចក្តីស្រមៃរបស់ខ្លួនលើវិថីសិល្បៈក្នុងនាមជាមនុស្សស្រីរឹងមាំម្នាក់។