ខេត្តប៉ៃលិន ៖
ក្រោយទទួលពាក្យបណ្តឹង នៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងប៉ៃលិន បានចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណ:ដែលនៅសុខៗ ដើរទៅធាក់រថយន្តជនរងគ្រោះ និងវាយប្តីប្រពន្ធគេឱ្យរងរបួស ថែមទាំងវាយបំបែកសម្ភារ:ក្នុងផ្ទះអស់មួយចំនួន បន្ទាប់ពីជនដៃដល់ ទើបចេញពីគុកបានរយ:ពេលប៉ុន្មានខែ លុះពិនិត្យមើលទឹកនោមរកឃើញសារធាតុញៀនថែមទៀត។ ហេតុការណ៍ជនសង្ស័យវាយម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធឱ្យរងរបួសនេះ បានកើតឡើងកាលពីវេលា ម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះទី១. ឈ្មោះ ខេង កុសល់ ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាប្តី) ជាមេការសំណង់ របួសដៃខាងឆ្វេង និងដៃខាងស្តាំ។ ជនរងគ្រោះទី២. ឈ្មោះ យន់ សាវឿន ភេទស្រី អាយុ៤៣ឆ្នាំ (ត្រូវជាប្រពន្ធ) អាជីវករលក់ដូរ របួសជើងស្ដាំ របួសកែងដៃខាងឆ្វេង និងរបួសពកក្បាលផ្នែកខាងស្តាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនដៃដល់មានឈ្មោះ ឈួន ឆែប ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ សង្កាត់ខាងលើ មានផ្ទុកសារធាតុញៀន។ ប្រភពដដែលបន្តទៀតថា កាលពីរសៀលថ្ងៃកើតហេតុ ជនសង្ស័យ បានដើរពីចំណុចក្រោយអាហារដ្ឋានយីហោ «ពេញចិត្ត» សំដៅទៅផ្ទះជនរងគ្រោះនៅក្រោយកន្លែងលក់គ្រឿងសំណង់យីហោ «យន់ កប» ស្រាប់តែទៅដល់មុខផ្ទះជនរងគ្រោះ ក៏បានធាក់ឡានជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះមួយជើងពេញទំហឹង មិនដឹងមានរឿងហេតុអ្វី។ ពេលនោះជនរងគ្រោះ បានសួរនាំទៅជនសង្ស័យថា ហេតុអ្វីបានជាធាក់ឡានខ្ញុំអញ្ចឹង? ពេលនោះជនសង្ស័យបានតបទៅវិញថា ឡានអាអែង មានតម្លៃប៉ុន្មាន? រឿងអីអញធាក់មិនបាន? ហើយជនរងគ្រោះបានប្រាប់ឱ្យជនសង្ស័យដើរទៅផ្ទះ។ លុះមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យដើរត្រឡប់មកវិញ បាននិយាយថា អាអ្ហែង ស្គាល់អញ ឬអត់? ហើយភ្លាមៗ នោះជនសង្ស័យបានទាញយកកំប៉ុងភេសជ្ជ:បាកាសគប់ទៅលើជនរងគ្រោះ តែបានគេចទាន់។ ក្រោយមកជនដៃដល់បានស្ទុះទៅវាយជនរងគ្រោះ និងប្រពន្ធជនរងគ្រោះ បណ្តាលឱ្យរងរបួស និងវាយបំបែកសម្ភារ:ប្រើប្រាស់មួយចំនួន ហើយក៏រត់គេចខ្លួន។ ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្នើសុំឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។
ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរ បាលយុត្តិធម៌ក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ប៉ៃលិន នៅវេលាម៉ោងប្រហែល២ និង៣០នាទីរសៀល ថ្ងៃដដែល បានកំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ក្រោយពីសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា ទៅលើជនរងគ្រោះ០២នាក់ប្តីប្រពន្ធ និងបានធាក់ឡានរបស់ជនរងគ្រោះ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គេមួយចំនួនពិតប្រាកដមែន។ សូមបញ្ជាក់ថា ៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន ចេញកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ករណីខាងលើនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕