រាជធានីភ្នំពេញ ៖
ប្រជាពលរដ្ឋ បានប្រញាប់រត់មកប្តឹងសមត្ថកិច្ច ខណៈចុះបត់ជើង ស្រាប់តែប្រទះឃើញសពមនុស្សស្រីម្នាក់ អណ្តែតទឹក ជាប់នឹងគុម្ពកំផ្លោក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង ១០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចទឹកទន្លេបាសាក់ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ បានរៀបរាប់ឲ្យបានដឹងថា មុនពេលកើតហេតុ គាត់បានដើរទៅបាត់ជើង តែពេលនោះក៏ប្រទះឃើញសពអណ្តែតទឹកក្នុងទឹកទន្លេ រួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។ ភ្លាមៗនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម រួមជាមួយនិងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកស្រង់សាកសពឡើងមកលើគោក និងធ្វើការពិនិត្យ ទើបដឹងថា សពជាមនុស្សស្រី អាយុប្រហែល៣០ឆ្នាំ ពាក់អាវដៃវែង ពណ៌ខ្មៅ ខោជើងវែងពណ៌ត្នោត សក់ខ្លីពណ៌ទង់ដែង ។
ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹក និងបានតម្កល់ទុកនៅវត្តចាក់អង្រែក្រោម និងកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕