ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងប៉ៃលិន ចុះល្បាតបង្ក្រាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនចំនួន០២គោលដៅ ដោយចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ដើម្បីបញ្ជូនទៅតុលាការខេត្ត។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញើននេះគឺ គោលដៅទី១ ៖ នៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបយ៉ាខា ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង បង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចរោងចាំចំការទុកចោលមួយកន្លែង ស្ថិតនៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១- ឈ្មោះ ហេង សុភ័គបញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន។ ទី២- ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន។ នគរបាលដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់ (ធំ០១កញ្ចប់) ទម្ងន់១២,០២ក្រាម សាច់ថ្នាំសុទ្ធ។ ទូរស័ព្ទដៃ០២គ្រឿង ម៉ាកLGពណ៌ខ្មៅ០១គ្រឿង និងម៉ាកOppo ពណ៌ស្វាយ០១គ្រឿង ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1D-8306 មួយគ្រឿង។
ប្រភពបន្តទៀតថា គោលដៅទី០២ ៖ កាលពីវេលាម៉ោង៤ និង០០នាទីរសៀល ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ នគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន ពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចក្បែរសាលាបឋមសិក្សាក្ងោក ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង ធានីដា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ គ្មានផ្ទុកសារធាតុញៀន។ ប្រភពដដែលបន្តទៀតថា វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ០១កញ្ចប់ ទម្ងន់០,៧៥ក្រាម សាច់ថ្នាំសុទ្ធ។ ទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅលាយខៀវ ០១គ្រឿង។ ករណីខាងលើនេះ នគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីម្នាក់ ខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕