ខេត្តប៉ៃលិន ៖ 

មកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងប៉ៃលិន បាននាំគ្នាស៊ីឈ្នួលដកមើមដំឡូងមីឱ្យម្ចាស់ចំការ ដែលកំពុងតែប្រមូលផលដំឡូងរបស់ខ្លួន ដើម្បីបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ 


បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះ ហាន ភេទប្រុស អាយុ៤៥ឆ្នាំ និង ឈ្មោះ នឿន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ រហូតមកដល់ចុងខែធ្នូនេះ ម្ចាស់ចំការនីមួយៗ ចាប់ផ្តើមប្រមូលផលមើមដំឡូងមី លក់នៅតាមស្តង់នីមួយៗ ក្នុងក្រុងប៉ៃលិន ដើម្បីយកថវិកាសងជំពាក់គេ និងភ្ជួរដី ត្រៀមដាំដំណាំសារថ្មីឡើងវិញ។ ប្រភពដដែលបានបន្តទៀតថា ដោយម្ចាស់ចម្ការខ្វះកម្លាំងក្នុងការប្រមូលផលមើមដំឡូងមី ក៏រកជួលពួកគាត់នៅរស់នៅតាមភូមិ ស្របពេល ដែលគ្មានការងារធ្វើ ដើម្បីប្រមូលផលដំឡូងមី។ 


ពួកគាត់បញ្ជាក់ទៀតថា ការប្រមូលផលមើមដំឡូងមីនេះ ថៅកែគិតឱ្យថ្លៃឈ្នួល ចាប់តាំងពីដកមើមដំឡូងមី រហូតដល់ជញ្ជូនដាក់ក្នុងរថយន្ត គឺ១តោន ទទួលបានប្រាក់កម្រៃចំនួន៣ម៉ឺនរៀល ដោយពួកគាត់សហការគ្នាជាមួយអ្នកផ្សេង លុះដល់ពេលល្ងាច ក្រោយពេលគិតគូរសរុបទម្ងន់រួច ទើបទទួលថវិកាពីម្ចាស់ចម្ការ ដើម្បីចែកគ្នា។ ការធ្វើបែបនេះ ក្នុង១ថ្ងៃ ម្នាក់ៗ អាចទទួលបានប្រាក់កម្រៃចាប់ពី៣ទៅ៤ម៉ឺនរៀល។ 


ចំណែកម្ចាស់ចំការ ឈ្មោះ នី ឈឿន ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ គាត់ដាំមើមដំឡូងមីជិត១០ហិកតា នៅលើដីចម្ការរបស់ខ្លួន ក្បែរមាត់អូរមួយកន្លែង ស្ថិតនៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយដាំតាមលក្ខណ:បច្ចេកទេស គឺដាក់ទុយោតាមរងដំឡូងមីនីមួយៗ រួចបូមទឹកស្រោច ទោះបីជាអាកាសធាតុរាំងភ្លៀងក្តៅហួតហែងយ៉ាងណា ក៏ដំណាំរបស់គាត់មិនងាប់ដែរ។ គាត់បន្តទៀតថា ការប្រមូលផលដំឡូងមីនាពេលនេះ ឈ្មួញនៅតាមស្តង់ទិញក្នុង១គីឡូក្រាម តម្លៃ៣០០រៀល ដែលជាតម្លៃអាចទទួលយកបាន។  គាត់បន្តទៀតថា ក្រោយពេលប្រមូលផលរួច គាត់ក៏ចាប់ផ្តើមឱ្យត្រាក់ទ័រចូលទៅភ្ជួរដីចម្ការហាល ដើម្បីយកដើមដំឡូងមីដែលប្រមូលផលរួច ទៅដាំបន្តទៀត តាមរបៀបបូមទឹកស្រោច។ ការធ្វើ បែបនេះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោយទទួលបានផលល្អ មិនមានការងាប់ដើមដូចការដាំ រង់ចាំទឹកភ្លៀងនោះឡើយ៕