រាជធានីភ្នំពេញ ៖
ពិតជារន្ធត់ណាស់ រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង លើផ្លូវជាតិលេខ១ ខ្ទាតហោះផ្លោងមនុស្សចេញពីក្នុងរថយន្ត ខ្លះប៉ើងចូលគុម្ពស្មៅ ខ្លះខ្ទាតប៉ើងផ្ទប់នឹងជញ្ជាំង ផ្តាច់ជីវិតនគរបាល២រូប ម្នាក់ជាអធិការងស្រុកកៀនស្វាយ ម្នាក់ទៀតជានាយរងប៉ុស្តិ៍ដីឥដ្ឋ យ៉ាងរន្ធត់ ចំណែកមនុស្ស៣នាក់ទៀត ក្នុងនោះមានស្រី២នាក់ របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ ចំណុចទល់មុខវត្តចម្ប៉ា លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មន្ត្រីនគរបាលទាំង២នាក់ ដែលស្លាប់ ទី១ លោក ហេង ស៊ីថារ៉ូ អាយុជាង៣០ឆ្នាំ ជាអធិការរងស្រុកកៀនស្វាយ និងទី២លោក ម៉ាន រ៉ាវី អាយុ២០ឆ្នាំជាង ជានាយរងប៉ុស្ថិ៍ ដីឥដ្ឋ។
ដោយឡែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា គេឃើញរថយន្តកាមរីហាយប្រ៊ីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធ តាមបណ្តោយផ្លូវជាតិលេខ១ពីកើតមកលិចក្នុងល្បឿនលឿន ដល់មុខវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក LexusRX350 ពណ៌ស ពាក់ស្លាកលេខ នគរបាល 2- 0393 ជិះគ្នាទាំងអស់ ៥នាក់ក្នុងរថយន្ត ហើយក្នុងចំណោម៥នាក់នេះ មាន២នាក់ ជាលោកអធិការរងស្រុកកៀនស្វាយ និងលោកនាយរងប៉ុស្តិ៍ដីឥដ្ឋ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បញ្រ្ចាសទិសគ្នាពីលិចមកកើតលឿនដូចគ្នា រេចង្កូតឆ្លងចូលគន្លងផ្លូវម្ខាងទៀត បុកគ្នាពេញទំហឹង ខ្ទាតហោះផ្លោងមនុស្សចេញពីក្នុងរថយន្ត ខ្លះប៉ើងចូលគុម្ពស្មៅ ខ្លះខ្ទាតប៉ើងផ្ទប់នឹងជញ្ជាំង ផ្តាច់ជីវិតនគរបាល២រូប ម្នាក់ជាអធិការងស្រុកកៀនស្វាយ ម្នាក់ទៀតជានាយរងប៉ុស្តិ៍ដីឥដ្ឋយ៉ាងរន្ធត់ ចំណែកមនុស្ស៣នាក់ទៀត ក្នុងនោះមានស្រី២នាក់ របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែក២នាក់ប្តីប្រពន្ធ ដែលបើករថយន្តកាមរីហាយប្រ៊ីតវិញ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរពីដំណើររឿងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការគ្នា ចុះធ្វើការពិនិត្យវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយភ្លាមៗគេក៏ឃើញមានវត្តមានរបស់លោក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះទៅដល់ទីតាំងកើតហេតុ ផងដែរ ៕ សូមចូលរួមរំលែកទុក្ខផង ៕