រាជធានីភ្នំពេញ ៖
សំណង់មួយកន្លែង ដែលកំពុងចាប់ផ្តើមសាងសង់ នៅតាមចិញ្ចើមផ្លូវ ហើយនៅពីក្រោមខ្សែកាបភ្លើងទៀត ខណៈដែលជាង លើកដែកទីបឡើង មិនបានមើលលើ ស្រាប់តែប៉ះទៅនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើកម្ពស់៣ម៉ែត្រ រងរបួសធ្ងន់ធ្ងរ រលាកខ្លួន ដៃជើង បង្កឱ្យភ្ញាក់ផ្អើល និងប្រញាប់បញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ខណៈប្រជាពលរដ្ឋខ្លះលោកឆ្ងល់ថា ម៉េចក៏ហ៊ានសាងសង់ម្ល៉េះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
តាមសាច់ញាតិ ជាកម្មកររួមការងារ បានឱ្យដឹងថា ពួកគាត់ម៉ៅការសំណង់ខាងលើធ្វើ ចំពោះមានច្បាប់ឬអត់ច្បាប់យ៉ាងណានោះ ពួកគាត់ក៏មិនបានដឹងដែរ ស្ថិតនៅលើម្ចាស់ទីតាំង ជួលពួកគាត់មកតម្លើង ហើយមុនកើតហេតុ ខណៈដែលជនរងគ្រោះ នៅខាងលើ ផ្សារដែកផ្ទោងមេដំបូល និងបានចុះមកទាញដែកទីប ឡើងទៅលើ ស្រាប់តែទៅប៉ះនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងឆក់ ធ្លាក់ រងរបួសរលាកខ្លួន ដៃជើង សន្លប់ស្តូកស្តឹង ត្រូវបានក្រុមជាងដូចគ្នាលើកយកមកកប់ដីខ្សាច់ ហើយលើកយកទៅផ្ទះពេទ្យដែលនៅក្បែរនោះ តែស្ថានភាពរបួសធ្ងន់ គ្រូពេទ្យមិនហ៊ានទទួល ក្រុមគ្រួសារក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
នៅកន្លែងកើតហេតុ បងប្អូនប្រជាពលរដ្ឋលើកឡើងថា សំណង់គ្រោងដែក សង់នៅចិញ្ចើមផ្លូវ ហើយនៅក្រោមខ្សែកាបភ្លើងទៀត ម៉េចក៏ហ៊ានសាងសង់ ឬក៏អាជ្ញាធរលោកអនុញ្ញាតិ តែយ៉ាងណាការសាងសង់បែបនេះ ប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ សង្ឃឹមថាអាជ្ញាធរលោកចុះពិនិត្យឡើងវិញ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយនៅថ្ងៃក្រោយទៀត ៕