រាជធានីភ្នំពេញ ៖
ទីបំផុត សាកសពក្មេងប្រុស ២នាក់ ដែលបានលង់ទឹកលិចបាត់ខ្លួននៅទន្លេមេគង្គ កាលពី២ថ្ងៃមុនសល់តែកង់១គ្រឿង និងស្បែកជើង ២គូ ពេលនេះត្រូវបាន ក្រុមសង្គ្រោះ ៩១១ ជួយរាវរកហើយ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ខណៈលង់ទឹកក៏លង់ជាមួយគ្នា រកឃើញក៏ឃើញជាមួយគ្នា ក្បាលជ្រូកសែនបែរបន់ក៏២ក្បាល ខណៈ២យប់៣ថ្ងៃ ទើបឃើញស.ព ទន្ទឹមនឹងនោះ ក៏សូមអរគុណដល់ក្រុមសង្គ្រោះ ៩១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ មេបញ្ជាការ ដែលបានដឹកនាំកម្លាំង ជួយរាវរកសពក្មេងខាងលើហើយ ជួយដឹកសពក្មេង ទៅស្រុកកំណើតទៀត...ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ក្មេងទាំង២នាក់ ដែលបាត់ខ្លួននេះ ម្នាក់មានឈ្មោះ ជា សុខដារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈិន គីមហេង ភេទប្រុស អាយុ១២ឆ្នាំ ដោយមានប្រជាពលរដ្ឋបានឃើញ ក្មេងទាំង២នាក់នេះ រួមជាមួយនិងក្មេងក្នុងភូមិ បាននាំគ្នាទៅលេងទឹកទន្លេ នៅមាត់ច្រាំង មួយសន្ទុះក្រោយមក ក៏មានក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនោះ តែជាក្មេងពិការភាព គ បានឡើងមកលើ ហើយធ្វើកាយវិការប្រាប់គេឯងឲ្យជួយ តែដោយសារក្មេងខាងលើគ ពិបាកនិងប្រាប់ ធ្វើកាយវិការទម្រាំតែអ្នកភូមិយល់ ហើយនាំគ្នារត់ទៅមើល និងរាវរក តែក្មេងទាំង២នោះ លិចបាត់ទៅហើយ ទុកឲ្យសាច់ញាតិ ឪពុកម្តាយ ទ្រហ៊ោយំបោកខ្លួន ស្ទើរតែឆ្កួតមិនអាចទទួលយកបាន ។ រហូតមកទល់នឹងព្រឹកថ្ងៃទី៥ ខែមករា នេះ ទើបរកសាកសពឃើញ ៕