ខេត្តប៉ៃលិន ៖
រហូតមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ គេសង្កេតឃើញប្រជាកសិករ១គ្រួសារ រស់នៅក្នុងក្រុងប៉ៃលិន កំពុងតែប្រមូលផលផ្លែស្វាយកែវរមៀត ដែលបានដាំជាង៤០ហិកតា ស្ថិតនៅក្បែរផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ដែលឈ្មួញទិញទាំងផ្លែស្វាយខៀវខ្ចី និងផ្លែស្វាយវេចខ្ចប់នៅដើម បេះយកទៅលក់ដូរបន្តនៅប្រទេសថៃ។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ តែ ម៉េងសួរ អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានដាំដំណាំស្វាយកែវរមៀតជាង៤០ហិកតា នៅលើដីចំការរបស់ខ្លួន ក្បែរផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដោយរហូតមកដល់ពេលនេះ ផ្លែស្វាយរបស់គាត់ ត្រូវបានឈ្មួញចូលទៅទិញបេះដល់ក្នុងចំការតែម្តង។ គាត់បន្តទៀតថា ផ្លែស្វា យខៀវ ឈ្មួញទិញក្នុង១គីឡូក្រាម តម្លៃ១៤០០រៀល និងផ្លែស្វាយខៀវខ្ចប់ តម្លៃ១៨០០រៀល។
ការប្រមូលផលនេះ គឺឈ្មួញគេជួលកម្មករ ឱ្យដើរបេះដោយខ្លួនឯង ក្នុង១ថ្ងៃ កម្មករម្នាក់ ទទួលបាន ប្រាក់កម្រៃចំនួន៥០០០០រៀល ដោយខាងគាត់មិនចំណាយថ្លៃឈ្នួលឱ្យកម្មករនោះទេ គឺចាំតែទទួលយកប្រាក់កម្រៃពីការលក់ផ្លែស្វាយខៀវ និងផ្លែស្វាយខ្ចប់ប៉ុណ្ណោះ។ គាត់បញ្ជាក់ទៀតថា បន្ទាប់ពីប្រមូលផលផ្លែស្វាយកែវរមៀតខៀវ និងផ្លែស្វាយវេចខ្ចប់នៅលើដើមរួច ការលក់ដូរក្នុងតម្លៃបែបនេះ អាចឱ្យគាត់ទទួលយកបាន ពោលគឺចំណេញខ្លះៗដែរ សម្រាប់ផ្គត់ផ្គង់ជីវភាព។ តែបើទុកផ្លែស្វាយនេះ រហូតដល់ខែមេសា តម្លៃទីផ្សារអាចនឹងធ្លាក់ចុះខ្លាំង ព្រោះម្នាក់ៗ ប្រមូលផលផ្លែស្វាយនៅតាមចំការ រៀងៗខ្លួន ជាហេតុនាំឱ្យផ្លែស្វាយគ្មានអ្នកទិញនោះទេ។ ដូច្នេះ ហើយទើបគាត់តែងតែដាក់អ័រម៉ូនបញ្ជាដើមស្វាយរបស់ខ្លួន ឱ្យផ្លែខុសរដូវ ខណ:ដែលដើមស្វាយរបស់កសិករដទៃទៀត មិនទាន់ផ្លែ ដែលធ្វើឱ្យផ្លែស្វាយរបស់គាត់អាចផ្កាផ្លែ រហូតដល់ធំ លក់បានក្នុងតម្លៃអាចនឹងសល់សម្រាប់ផ្គង់ផ្គង់ជីវភាព៕