ខេត្តប៉ៃលិន ៖ 

ទារកតូចម្នាក់ទម្ងន់២.៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ក្រោយពីម្តាយសម្រាលរួច បានយកទៅបោះចោលនៅក្នុងចំការដំឡូងមី លុះប្រជាពលរដ្ឋនៅក្នុងភូមិដើរទៅកាប់ផ្លែចេកក្បែរចំការនោះ ស្រាប់តែប្រទះឃើញ ដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈាមហូរចេញពីផ្ចិត តែឃើញនៅមានដង្ហើម ក៏រត់ទៅប្រាប់អ្នកជិតខាងឱ្យរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចនគរបាលឱ្យចុះពិនិត្យភ្លាមៗ។ ហេតុការណ៍អ្នកភូមិប្រទះឃើញទារកតូចម្នាក់ត្រូវបានម្តាយយកទៅបោះចោលបង្កឱ្យមានការ ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចំការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកដែលប្រទះឃើញទារកមាន ឈ្មោះ គុម ស្រីលីន ភេទស្រី រស់នៅក្នុងភូមិខាងលើ។ ក្រោយពីប្រទះឃើញ ដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត ក៏ប្រគល់ឱ្យ ទៅមេការស្តង់ដំឡូងមីម្នាក់ ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំ មានកូនស្រី២នាក់ កូនទី១. អាយុ៨ឆ្នាំ កូនទី២. អាយុ៦ឆ្នាំ ជាមេការស្តង់ដំឡូងមី។ រីឯទារកដែលទើបសុំពីស្រ្តីដែលរើសបាន ត្រូវបានពួកគេដាក់ឈ្មោះ ថា លី សុខសំណាង។ បើតាមការរៀបរាប់ពីស្រ្តី ភិន ឡោស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃមង្គល បានឱ្យដឹងទាំងភាពភ័យតក់ស្លុតប្រាប់អ្នកសារព័ត៌មានថា ៖ នៅព្រឹកថ្ងៃកើតហេតុ កូនស្រីរបស់គាត់ បានដើរទៅកាប់ផ្លែចេកនៅក្នុងចំការក្បែរផ្ទះ ស្រាប់តែនាងក្រឡេកមើលទៅលើដីចំការដំឡូងមីក្បែររបង ស្រាប់តែប្រទះឃើញមានទារកម្នាក់ គ្របស្លឹកដំឡូងមី ដោយមានដង្ហើម មានឈាមហូរជោកខ្លួន ហើយក៏រត់ទៅប្រាប់គាត់ជា ម្តាយឱ្យនាំគ្នាទៅមើល និងលើកបីយកទៅលាងជម្រះខ្លួន និងរាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាល ផងដែរ។ ប្រភពបន្តទៀតថា ក្រោយពីរើសបានប្រទះឃើញទារកដ៏កំសត់ខាងលើ រួចមក ដោយសារតែជីវភាពកូនរបស់គាត់មានការខ្វះខាត និងមានកូនច្រើន ទើបប្រគល់ឱ្យទៅមេការស្តង់ដំឡូងមីខាងលើយកទៅចិញ្ចឹមធ្វើជាកូនបង្កើតរបស់ខ្លួនតែម្តង។ 

បើតាមការរៀបរាប់ពីមេការស្តង់ដំឡូងមីម្នាក់ ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំ មានកូនស្រី២នាក់ក្នុងបន្ទុកបានឱ្យដឹងថា ៖ មូលហេតុដែលពួកគាត់សុំទារកដែលទើបនឹងរើសបានយកទៅចិញ្ចើមធ្វើជាកូនបង្កើត ព្រោះតែគ្រួសាររបស់ពួកគាត់មានតែកូនស្រី។ ដូច្នេះ ចង់បានកូនប្រុសម្នាក់ទៀតឱ្យបានបីនាក់។ ហើយពួកគាត់សន្យាថា នឹងមើលថែរក្សាទារកខាងលើឱ្យបានល្អ ក្លាយទៅជាកូនរបស់ខ្លួន ដោយយកទៅចុះសំបុត្រកំណើត និងបញ្ចូលក្នុងសៀវភៅគ្រួសារ។   ចំណែកអ្នកភូមិ បានរៀបរាប់ទាំងការអាណិតអាសូរដល់ទារកខាងលើថា ៖ មិនគួរណាម្តាយមានចិត្តដាច់បែបនេះ ដោយយកកូនបង្កើតរបស់ខ្លួនទៅបោះចោលនៅក្នុងព្រៃចំការដំឡូងមី។ នេះសំណាងហើយ ដែលមានអ្នកប្រទះឃើញ ទាន់ពេល បើសិនជាឆ្កែអ្នកភូមិឃើញអាចនឹងហែកខ្ទេចខ្ទីគ្មានសល់នោះទេ។ បើតាមពួកគាត់សន្និដ្ឋាន ស្រ្តីដែលហ៊ានបោះកូនរបស់ខ្លួនចោលនេះ មិនមែនជាអ្នកភូមិរបស់ពួកគាត់ឡើយ គឺអាចជាស្រ្តីអ្នកដំណើរមកពីឆ្ងាយ ដោយសារតែភាពខ្វះខាត ឬក្រីក្រ ហើយក៏អាចជាស្រ្តីដែលខឹងនឹងប្តីរត់ចោល ទើបដាច់ចិត្តបោះកូនប្រុសរបស់ខ្លួនចោលដោយគ្មានសោកស្តាយអ្វី បន្តិចនោះឡើយ ៕