ខេត្តស្ទឹងត្រែង៖
យោងតាមផេកផ្លូវការរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានបើកប្រតិតបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម ។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នមាំ២០២៤ វេលាម៉ោង៣៖៤០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរស័ព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន ១គ្រឿង។ ចំណែកជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួន ។ កម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង ២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ៕