រាជធានីភ្នំពេញ ៖ សល់តែ២ -៣ខែទៀត ដល់ថ្ងៃរៀបការជាមួយគ្នាទៅហើយ បែរជាខាងប្រុស គិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់ក្នុងបន្ទប់ជួល ព្រោះតូចចិត្តការងារក៏គ្មានធ្វើ លុយក៏អត់មាន ណាក៏ជិតដល់ថ្ងៃរៀបការ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ២ ដីឡូតិ៍លេខ១៧២ ផ្លូវលំ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ លាស់ លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិជ្រោយគរ ឃុំជ៏រោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា នៅម៉ោង០៣និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គូដណ្តឹងជនរងគ្រោះភ្ញាក់ពីដេកមកដាស់ជនរងគ្រោះនៅក្នុងបន្ទប់ដើម្បីដាំបាយ ពេលបើកទ្វារចូលឃើញជនរងគ្រោះ ចង ក ទើបហៅមីងមកជួយស្រាយខ្សែចំណង ទម្លាក់តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយ ចង អត្តឃាត និងប្រគល់សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ ៕