រាជធានីភ្នំពេញ ៖
បុរសម្នាក់ជិះម៉ូតូ Dream C125 វ៉ាជែង បានបុករថយន្ត Starex ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ យ៉ាងរន្ធត់កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ Dream c125 ពាក់ស្លាកលេខកណ្តាល 1X-6035 បើកតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏វ៉ាជែងរថយន្ដកុងតឺន័រ ជ្រុលមកបុកជាមួយរថយន្ត Starex ពាក់ស្លាកលេខ តាកែវ 2B-7372 ក្នុងទិសដៅពីជើងមកត្បូង បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ យ៉ាងរន្ធត់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តនិងម៉ូតូរក្សាទុក ។ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕