រាជធានីភ្នំពេញ ៖
ម៉ូតូមួយគ្រឿងបើកវ៉ាជែង ស្របពេលផ្លូវកំពុងកកស្ទះ បានជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង បង្កការខូចខាត និង ធ្វើអោយមនុស្សរងរបួសធ្ងន់ស្រាល០២នាក់ បញ្ជូនទៅសង្គ្រោះ ។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ០២ និង ១៥នាទីរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1U-4221 ក្នុងទិសដៅលិចមកកើតក្នុងល្បឿនលឿនរួចបានវ៉ាជែងជាមួយរថយន្តមួយគ្រឿងទៀតបើកស្របទិសគ្នា បានជ្រុលទៅបុកជាមួយសេរីទំនើបម៉ាក Alphard មួយគ្រឿងកំពុងបើកឆ្លងផ្លូវមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ បញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ប្រភពពីបុរសជាអ្នកបើករថយន្តបានអោយដឹងថា គាត់ទើបតែចូលធ្វើការជាអ្នកបើកឡាននេះ ថ្ងៃដំបូង ខណៈពេលដែលគាត់ជូនមេត្រឡប់ទៅផ្ទះវិញមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង បើកវ៉ាជែងបុកពេញទំហឹង បណ្តាលអោយរថយន្តរងការខូចខាត ។ ភ្លាមៗ ថៅកែរបស់បុរសជាអ្នកបើករថយន្ត បានជិះកង់បីត្រឡប់ទៅផ្ទះ ទុកអោយគាត់ដោះស្រាយនៅកន្លែងកើតហេតុ ។ លុះមួយសន្ទុះក្រោយមក ថៅកែរបស់គាត់ក៏បានខលមកប្រាប់ថា គាត់ត្រូវបានបញ្ឈប់ពីការងារហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕