ខេត្តកំពង់ចាម ៖ 

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងពី សកម្មភាពកាយយកថ្មចេញពីទន្លេ​ ក្នុងឃុំឫស្សីស្រុក​ ស្រុកស្រីសន្ធរ​ បន្ទាប់ពីវិធានការកំណត់ដាច់ខាតរបស់រដ្ឋបាលខេត្តកំពង់ចាម​។ សូមបញ្ជាក់ថា ការកាយយកថ្មចេញវិញនេះ គឺធ្វើឡើង ក្រោយរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងទុករយៈពេលយ៉ាងយូរ៧០ថ្ងៃ កាយយកថ្មទាំងនេះចេញពីទន្លេវិញឲ្យអស់ ។

ទន្ទឹមនឹងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញនូវ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត ដោយបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

« ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ» ។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹងបន្តតាមដានវិធានការកំណត់ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី ។

មហាជនកំពុងរង់ចាំមើល និងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញករណីនេះ ថាតើក្រោយកាយថ្មចេញរួចហើយនោះ អាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធ នឹងចាត់វិថានការខ្មៅ ទៅលើបុគ្គលដែលចាក់ថ្មចូលទន្លេនេះ តាមច្បាប់បែបណាបន្តទៀត និងសូមឲ្យអាជ្ញាធរធ្វើការឲ្យមានតម្លាភាព និងប្រកាសជាបន្តបន្ទាប់ដើម្បីឲ្យមហាជនបានដឹងផង ៕