រាជធានីភ្នំពេញ ៖
មានការភ្ញាក់ផ្អើលខ្លាំងទាំងព្រឹក ដល់អ្នកដំណើរ ខណៈស្ត្រីម្នាក់ បានធ្វើអត្តឃាត លោតបញ្ចប់ជីវិតពីលើស្ពានព្រះមុន្នីវង្សថ្មី មិនចូលទឹក បែរជាទើនឹងជើងតាងស្ពាន ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ក្រុម១ ភូមិព្រែក សង្កាត់ច្បារអំពីទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យខ្ទង់៤០ឆ្នាំជាង ជិត៥០ឆ្នាំ ពាក់ខោអាវឈុតពណ៌ទឹកក្រូចលាយខ្មៅ មិនដឹងលោតតាំងពីម៉ោងប៉ុន្មាននោះទេ តែបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៦ព្រឹកនេះ ។
ក្នុងនោះបើតាមសម្តីពីបងប្អូនប្រជាពលរដ្ឋ នៅម្តុំស្ពាននេះបាននិយាយថា ពួកគាត់បានឃើញស្ត្រីខាងលើនេះ ធ្លាប់បានប៉ុនប៉ងលោតសម្លាប់ខ្លួន ២ដងមកហើយ តែមិនសម្រេច ទើបតែលើកនេះ លោតមក ទើនឹងជើងតាងស្ពាន ស្លាប់តែម្តង ។
ពេលនេះសពត្រូវបានសមត្ថកិច្ច រួមទាំងអាជ្ញាធរ លោកចៅសង្កាត់ ចាត់ចែងទម្លាក់ចុះ ដើម្បីយកទៅធ្វើកោសល្យវិច័យពិនិត្យនៅឯវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងស្រាវជ្រាវរកសាច់ញាតិមកទទួល តែបើរកសាច់ញាតិមិនឃើញទេ នឹងចាត់ចែងបូជាតាមប្រពៃណី ៕