ខេត្ត​ឧត្ដរមានជ័យ​ ៖ 

មានករណីឃាតកម្ម មួយបានកើតឡើង ដោយសារជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន ក៏សម្លាប់ចោលតែម្តង ។ ឃាតកម្មដ៏សាហាវនេះ កើតឡើងនៅ វេលាម៉ោងប្រហែល ២០និង២០នាទីយប់ ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​ ។

យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងសំរោង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត (បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ) ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ​​​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សំរោង​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ហម​ ភិរម្យ​ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ខណៈពេលកំពុងសួរនាំ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន​។ ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើ យកគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។ ចំណែកមូលហេតុ៖ ដោយសាររូបខ្លួនជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន​។

បច្ចប្បន្ន​ជន​សង្ស័យខាងលើ រួម​ទាំង​វត្ថុ​តាង​​ ត្រូវបានរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕