រាជធានីភ្នំពេញ៖
ផ្អើលប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ ដល់ក្នុងស្រះឈូក ខណៈធ្វើសកម្មភាពផ្លោះបង្អួចផ្ទះរបស់គេ ចូលលួចយកកាបូបលុយ គាប់ជួនសមត្ថកិច្ចមកដល់ ក៏ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រៃស នាំយកទៅសាកសួរតែម្តង និងបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចតូបលក់ដូរ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រំ សិលា ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ជនសង្ស័យឈ្មោះ ចន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ៖ លុយចំនួន៥០០០០០រៀល(ហាសិបម៉ឺនរៀល) និងវត្ថុតាងចាប់យក កាបូបស្ពាយដាក់លុយពណ៌សលាយខ្មៅចំនួន០១ (របស់ជនរងគ្រោះ)។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះ បានបើកតូបលក់ដូរនៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះទុកបានកាបូបស្ពាយដាក់លុយនៅលើគ្រែក្នុងផ្ទះ ដែលនៅក្នុងកាបូបស្ពាយនោះមានលុយចំនួន៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ហើយជនរងគ្រោះក៏បានយកបាយទៅបញ្ចុកចៅនៅខាងមុខផ្ទះ ។ ពេលនោះស្រាប់មានជនសង្ស័យ បានផ្លោះរបងចូលតាមបង្អួចផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពលួចកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនទៅខាងក្រោយផ្ទះ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បាត់រត់គេចខ្លួនចូលក្នុងទឹកបឹងត្រកួន ស្រះឈូក រួចបោះកាបូបស្ពាយចូលទៅស្រះឈូកនោះ ដោយមានប្រជាពលរដ្ឋជិតខាងបានឃើញហេតុការណ៍នោះ បានជួយដេញតាម និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាបូបស្ពាយពណ៌ខ្មៅលាយសចំនួន០១ យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនចូលក្នុងស្រះឈូក រួចបានបោះកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះចូលក្នុងទឹក ធ្វើឱ្យបាត់បង់លុយដែលនៅក្នុងកាបូបរបស់ជនរងគ្រោះ ពិតប្រាកដមែន ។ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕