រាជធានីភ្នំពេញ ៖
បុរសម្នាក់បើករថយន្ត Ford Ranger បុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលរងការខូចខាតយ៉ាងដំណំ ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង៣យប់ត្រូវនឹង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BU-0985 តាមបណ្ដោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅពីកើតមកលិច មកដល់ជិតស្ដុបបូកគោ រថយន្ដបើកទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាតចំនួន២កង់ រថយន្ដដាច់កង់ខាងមុខ ភ្លាមនោះម្ចាស់រថយន្ដគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕