ខេត្តកណ្តាល ៖ 

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ខណៈយុវជនម្នាក់ កំពុងធ្វើរម៉កដែលខូចនៅចិញ្ចើមផ្លូវ ដៃប្រលាក់សុទ្ធតែប្រេងម៉ាស៊ីន ស្រាប់តែមានរថយន្តLexus NX200T មួយគ្រឿង បុកពីក្រោយហោះរម៉កទំលើក្បាលរថយន្ត ផ្ទប់នឹងដើមឈើនិងរបងផ្ទះប្រជាពលរដ្ឋ ដូចគេថតកុន ស្លាប់ភ្លាមៗយ៉ាងរន្ធត់ និងប៉ះជាមួយរម៉កកង់បីឥណ្ឌាមួយគ្រឿងទៀតផងដែរ ។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ក្នុងភូមិស្រុកធំ ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសាច់ញាតិ ក៏ដូចជាសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ជ សុលីន ភេទប្រុស អាយុ១៧ ឆ្នាំ ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកអង្គបុរី ខេត្តតាកែវ បានបើករម៉កដឹកមីសួរឲ្យគេនៅម្តុំនោះ លុះត្រឡប់មកវិញ រម៉កខូច ក៏អែបកៀនហើយជុសជុល ស្រាប់តែត្រូវរថយន្តមកបុកហោះផ្លោង ស្លាប់តែម្តង ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងបឋមថា មុនពេលកើតហេតុ គេបានឃើញ យុវជនខាងលើ បានបើករម៉កម៉ូតូដឹកទំនិញខាងលើ តាមបណ្តោយផ្លូវនេះ លុះដល់ចំណុចកើតហេតុ រម៉កក៏ខូច ទើបអូសចូលកៀនចិញ្ចើមផ្លូវ និងអង្គុយជួសជុលរម៉ក ទាំងដៃប្រលាក់សុទ្ធតែប្រេងម៉ាស៊ីន ខណៈកំពុងអង្គុយធ្វើរម៉កនោះ ស្រាប់តែមានរថយន្ត Lexus NX200T ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BF-4642 បើកបរដោយយុវជនម្នាក់ទៀត មានវ័យខ្ទង់២០ឆ្នាំជាង រួមដំណើរជាមួយនារីម្នាក់ទៀត ក្នុងទិសដៅពីត្បូងមកវិញ បានបុករម៉កជនរងគ្រោះចំពីក្រោយ ហោះទាំងរម៉កនឹងមនុស្សទំលើក្បាលរថយន្តធ្លាក់មកវិញ ស្លាប់យ៉ាងរន្ធត់ ចំណែករម៉កទើលើរថយន្ត ផ្ទប់នឹងដើមឈើនិងរបងផ្ទះប្រជាពលរដ្ឋ ទៅមុខលែងរួចម្តង ។

ភ្លាមៗអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បានយកទៅកាន់ប៉ុស្តិ៍ ដោយពេលនោះ អ្នកបើកបររថយន្តបានប្រាប់អ្នកភូមិថា គាត់ឱនរើសសាម៉ី ស្រាប់តែជាន់ហ្វ្រាំងច្រឡំហ្គែ ស្ទុះរថយន្តទាំងកំរោល ទៅបុកជនរងគ្រោះតែម្តង ។ ហើយក្នុងហេតុការណ៍នេះ រថយន្តខាងលើ ក៏បានប៉ះនឹងរម៉កកង់បីឥណ្ឌាមួយគ្រឿងទៀតផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្ត៍ឃុំជើងកើប សហការជាមួយនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹង ចុះ មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូរម៉កទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ តាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕