រាជធានីភ្នំពេញ ៖
បុរសម្នាក់បើករថយន្ត ឡង់គ្រីស័រ មួយគ្រឿង បុករថយន្ត ឡិចស៊ីសRC200t ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវ១០៦ កែង៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១យប់ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ឡង់គ្រីស័រ ពាក់ស្លាកលេខ កម្ពុជា KVS.1689 បើកតាមបណ្ដោយផ្លូវ ១០៦ ក្នុងទិសដៅពីកើតមកលិច មកដល់ផ្លូវបំបែកជាបួន ក៏បុករថយន្ត ឡិចស៊ីស RC200t ពាក់ស្លាកលេខ ភ្នំពេញ 2BN-2708 ដែលបើកតាមបណ្ដោយផ្លូវ៦១ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕