រាជធានីភ្នំពេញ៖ 

បុរសម្នាក់បានបើករថយន្តម៉ាក TUNDRA មួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវកោង រេចង្កូតបុកខឿនចែកផ្លូវ ជ្រុលក្បាលចូលទៅផ្លូវម្ខាងទៀត បុកចំពីមុខរថយន្ត LexusLX570 យ៉ាងពេញទំហឹង ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែរនឹងរដ្ឋករទឹកនៅក្នុងបរិវេណបឹងកក់ ស្ថិតនៅតាមបណ្តោយផ្លូវផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Lexus LX 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BH-6869 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវR៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម មកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ នគបាល 2-3564 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាស់គ្នា ពីកើតមកលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោង ក៏រេចង្កូតបុកខឿនចែកផ្លូវរងការខូចខាត រួចបន្តល្បឿនជ្រុលក្បាលចូលទៅផ្លូវម្ខាងទៀត បុកចំពីមុខ រថយន្ត Lexus LX570 យ៉ាងពេញទំហឹង បណ្តាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែខឿនផ្លូវនិងរថយន្តទាំង២គ្រឿងតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕