រាជធានីភ្នំពេញ ៖ 

ម៉ូតូហុងដាឌ្រីមមួយជិះឌុបគ្នា២នាក់ ម្តាយកូន លឿនជ្រុលទៅបុកជាមួយម៉ូតូស្កុបពី ជិះដោយក្មេងស្រី កំពុងឆ្លងផ្លូវចូលសាលារៀន បណ្តាលឱ្យម្តាយរងរបួសធ្ងន់ បាក់ជើងស្តាំ កូនប្រុសរងរបួសស្រាល ចំណែកភាគីខាងក្មេងស្រីរងរបួសស្រាល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចមុខវិទ្យាល័យពងទឹក ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0520 បើកដោយឈ្មោះ ស៊ុ ចន្ថា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ឌុបម្តាយឈ្មោះ ញឹម គឹមលន់ អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះលេខ៦៥ ផ្លូវលំ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសធ្ងន់ បាក់ជើងស្តាំ ។ ចំណែកភាគីខាងម៉ូតូ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-0506 ជិះដោយក្មេងស្រីសិស្សសាលា រងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ក្មេងស្រីសិស្សសាលា ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវចូលសាលារៀន ស្រាប់តែភាគីខាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នា២នាក់ ម្តាយកូន ពីត្បូងទៅជើងលឿន ជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ស្ត្រីម្នាក់ របួសស្រាល២នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី តាមការស្នើសុំពីក្រុមគ្រួសារ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕