រាជធានីភ្នំពេញ ៖ 

សន្តិសុខម្នាក់ គិតខ្លី ធ្វើអត្តឃាត យកកាំបិត ចាក់ដើមទ្រូងខ្លួនឯង ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តផ្នែកខាងជើង ក្បែរចេតិយកំពុងសាងសង់ ផ្លូវសុធារស ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ អ៊ុយ សុផាន់ណារ៉ា ភេទប្រុស មុខរបរសន្តិសុខក្រុមហ៊ុនព្រីនស៍ ពុំស្គាល់កន្លែងស្នាក់នៅ ។

តាមការបំភ្លឺពីឈ្មោះ នី នាត ភេទស្រី មុខរបរកម្មករសំណង់បានឱ្យដឹងថា នៅម៉ោងប្រហែល ២០:០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ គាត់កំពុងដេកនៅក្នុងការដ្ឋានក្នុងបរិវេណវត្តជាមួយប្ដី, លុះដល់ម៉ោងប្រហែល ២២:១០នាទី គាត់ឈឺបត់ជើងតូច ក៏បានងើបដើរទៅបន្ទប់ទឹក។ ពេលដើរដល់ចំហៀងចេតិយកំពុងសាងសង់ស្រាប់តែឃើញមានសាកសពមនុស្សប្រុសម្នាក់ស្លាប់នៅលើសាបក្បែរចេតិយប្រឡាក់ឈាមនៅលើខ្លួន ក៏បានប្រាប់ប្ដី ហើយក៏មានព្រះសង្ឃមកមើល និងផ្ដល់ដំណឹងឱ្យសមត្ថកិច្ច ។

ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ សឿន ស័ក ភេទប្រុស ជាកូនសិស្សលោកបានឱ្យដឹងថា នៅម៉ោងប្រហែល ១៨:៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ គាត់អង្គុយហូបអីនៅក្នុងបរិវេណវត្តជាមួយគ្នីគ្នា ក៏បានឃើញជនរងគ្រោះអង្គុយម្នាក់ឯងទឹកមុខស្រងូតស្រងាត់ ទើបបានដើរទៅក្បែរ ហើយឱ្យលុយជនរងគ្រោះចំនួន ១ម៉ឺនរៀល។ ដោយជនរងគ្រោះបាននិយាយអរគុណខ្ញុំ រួចខ្ញុំក៏បានដើរចេញទៅវិញ។ លុះដល់ម៉ោងប្រហែល ២២:៣០នាទី ស្រាប់តែមានផ្អើលឆោឡោថាមានមនុស្សស្លាប់។ គាត់ទៅមើលទើបដឹងថាជាសាកសពជនរងគ្រោះ ។

ដោយឡែកតាមការបំភ្លឺពីឈ្មោះ អៀង បញ្ញា ភេទប្រុស ជាកូនសិស្សលោកបានឱ្យដឹងថា នៅម៉ោងប្រហែល ១៤:៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានដើរមកដល់មុខកុដិលេខ៤១ សួររកព្រះសង្ឃប្រចាំកុដិនៅទេ តែគាត់ប្រាប់ថាមិននៅទេ។ ហើយជនរងគ្រោះប្រាប់ថាគាត់ចង់សុំស្នាក់នៅក្នុងវត្តជាមួយលោក ព្រោះគាត់មានវិបត្ដិគ្រួសារ និងមិនមានការងារធ្វើទេ។ ក្រោយនិយាយរួចជនរងគ្រោះក៏បានដើរចេញពីមុខកុដិបាត់ រួចគាត់ក៏បានចូលទៅក្នុងកុដិវិញ។ លុះដល់ម៉ោងដឹងកើតហេតុខាងលើ ទើបគាត់ដឹងដំណឹងថាមានមនុស្សស្លាប់នៅក្នុងបរិវេណវត្តក្បែរចេតិយកំពុងសាងសង់ថ្មី ។

ក្នុងនោះ យោងតាមការមើលកាមេរ៉ាសុវត្ថិភាពឃើញ៖

- នៅម៉ោង ១៤:៥៧នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានមកឈរនៅមុខកុដិលេខ៤១ ជាមួយនឹងកូនសិស្សលោក ។

- នៅម៉ោង ២០:២៦នាទី ជនរងគ្រោះបានដើរទៅកន្លែងបង់អង្គុយនៅបរិវេណវត្តចំហៀងខាងត្បូង ជ្រុងខាងលិច ។

- នៅម៉ោង ២២:១០នាទី ជនរងគ្រោះបានដើរចេញទៅទិសខាងកើត រួចដើរត្រឡប់មកកន្លែងបង់អង្គុយវិញ រួចជនរងគ្រោះបានដើរចេញទៅទិសខាងជើងសំដៅទៅកន្លែងការដ្ឋានសាងសង់ចេតិយ ដោយនៅក្នុងដៃខាងឆ្វេងមានកាន់អ្វីមួយ និងចំហរឡេវអាវខាងមុខ ។

ដោយតាមការពិនិត្យនៅបរិវេណវត្តពីខាងត្បូងជ្រុងខាងលិច ឃើញមានស្នាមឈាមប្រឡាក់នៅលើបង់អង្គុយ និងនៅលើសាបក្រោមបង់អង្គុយ។ នៅលើបង់អង្គុយ ១ទៀតក្បែរស្នាមឈាមឃើញមាន សំបកកេសទឹកសុទ្ធម៉ាកគូលែន១, នៅក្នុងកេសមានផ្លែឈើ ៣ផ្លែ, កាតសំគាល់ខ្លួនសន្តិសុខក្រុមហ៊ុនព្រីនស៍ ឈ្មោះ អ៊ុយ សុផាន់ណារ៉ា ភេទប្រុស មួកសន្តិសុខ, ស្រោមដៃពណ៌ខ្មៅ១គូរ, នំ ២កញ្ចប់, ដែកកេស, ពិល និងមានស្នាមឈាមស្រក់តំណក់ទិសដៅពីត្បូងទៅជើង។ ពិនិត្យនៅលើសាបក្បែរចេតិយកំពុងសាងសង់នៅពីខាងជើងស្នាមឈាមប្រឡាក់លើបង់អង្គុយចម្ងាយ៦០ម ឃើញមានសាកសពមនុស្សប្រុសម្នាក់ស្លាប់ផ្ងារខ្លួនប្រាណប្រឡាក់ឈាម។ នៅលើសាបក្បែរសាកសពមានកូនកាំបិតបត់ដងជ័រពណ៌ក្រហមចុងស្រួច១ (ប្រឡាក់ឈាម), នៅលើសាបជុំវិញខ្លួនសាកសពមានស្នាមឈាមស្រក់ជាតំណក់ៗ ។

កន្លែងកើតហេតុពិនិត្យរកឃើញ ស្នាមឈាម,កូនកាំបិតបត់ដងជ័រពណ៌ក្រហមចុងស្រួច ១ (ប្រឡាក់ឈាម), កេសទឹកសុទ្ធមានកាតសន្តិសុខ, ផ្លែឈើ, ស្រោមដៃ និងមួកសន្តិសុខ ។

ការត្រួតពិនិត្យសាកសព សាកសពពាក់ឯកសណ្ឋានសន្តិសុខ អាវដៃវែងពណ៌ខ្មៅចំហរឡេវខាងមុខ ប្រឡាក់ឈាម, ស្លៀកខោជើងវែងពណ៌ខ្មៅប្រឡាក់ឈាម នៅក្នុងហោប៉ៅខោមានកូនកាបូប ១ មានលុយ ១០.៥០០រៀល រូបថត៤x៦មួយសន្លឹក, ពាក់ស្បែកជើងប៊ូប្រឡាក់តំណក់ឈាម, សាកសពមានសភាពទន់ កោសិកាសន្ធានភ្នែកសស្លេក បបូរមាត់សស្លេក ចុងក្រចកដៃជើងឡើងសស្លេក , ស្នាមរបួសដាច់រយះនៅលើដើមទ្រូងខាងឆ្វេងចំនួន ១២កន្លែង ជម្រៅជ្រៅដល់៨ស.ម ។

ដូច្នេះតាមការសន្និដ្ឋាន ពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារខ្សោះឈាម (ធ្វើអត្តឃាតចាក់ដើមទ្រូងខាងឆ្វេង) ហើយពេលនេះ សាកសពតម្កល់នៅវត្តស្ទឹងមានជ័យ ៕