រាជធានីភ្នំពេញ ៖
យុវជនពីរនាក់ត្រូវគេវាយ បានទាញម៉ូតូ HONDA CLICK ជិះចេញវាយក្រុមដែលវាយខ្លួន បែរជាជ្រុលទៅបុករថយន្ដ ឡិចស៊ីស NX200t ដែលចតចោលមុខផ្ទះសំណាក់មួយកន្លែង បណ្ដាលឲ្យរងការខូចខាត ត្រូវសន្តិសុខឃាត់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសន្តិសុខ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនពីរនាក់ ត្រូវគេវាយ ពេលនោះ ពួកគេក៏បានទាញម៉ូតូ HONDA CLICK ពាក់ស្លាកលេខ ភ្នំពេញ 1CR-3251 ជិះចេញវាយក្រុមដែលវាយ បានជ្រុលទៅបុករថយន្ដ ឡិចស៊ីស NX200t ពាក់ស្លាកលេខ បាត់ដំបង 2D-7372 ដែលចត់ចោលមុខផ្ទះសំណាក់មួយកន្លែង បណ្ដាលឲ្យរងការខូចខាត ហើយត្រូវសន្តិសុខឃាត់បានម្នាក់ និងបក្ខពួកម្នាក់រត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕