រាជធានីភ្នំពេញ​ ៖​ 

ហួសចិត្ត រថយន្តព្រូសមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បញ្ជាក់ថា បើកលឿនណាស់ បានបុកជាមួយកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងដឹកព្រះសង្ឃ ផ្លោងក្រឡាប់ផ្ងារជើង បាក់ជើងអ្នកបើកកង់បី ចំណែកព្រះសង្ឃរបួសមធ្យម រួចមិនឈប់ដោះស្រាយនោះទេ សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ព្យាយាមបន្តបើករត់ រេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងបាក់អស់មួយដើម ទៅមុខលែងរួច ខ្ទេចរថយន្តយ៉ាងដំណំតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក​ ថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា​ មុនកើតហេតុ​ មានរថយន្តបង្កម៉ាក​ Toyota Prius មួយគ្រឿងពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AX-1271 បានបុកជាមួយកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងដឹកព្រះសង្ឃ បណ្តាលឲ្យក្រឡាប់ផ្ងារជើង របួសអ្នកបើកកង់បីបាក់ជើង រីឯព្រះសង្ឃរបួសមធ្យម នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៥០ម៉ែត្រ ។ ភ្លាមៗរថយន្តនោះ មិនបានឈប់នោះទេ បានបន្តបើករត់មកទិសខាងជើង តាមផ្លូវ៦០ម៉ែត្រ​ មកដល់ស្តុបហាងរថយន្តមេកស័ដេស​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ក៏រេចង្កូតឡើងខឿនផ្លូវ បោលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម ខ្ទេចរថយន្តផ្នែកខាងមុខ និងបែកកង់ទៅមុខលែងរួចតែម្តង រួចប្រញាប់ចុះពីរថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ និងកង់បីទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕