ក្រុងព្រះសីហនុ ៖ 

ស្ត្រីម្នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងដឹកសំរាម គៀរគិនម៉ូតូ នៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅចំណុចរង្វង់មូលតោរពី ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមសេចក្តីរាយការណ៍និងប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក SUSUKI Let ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-4504 បើកបរដោយស្ត្រីម្នាក់ លុះមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងទៀត ជារថយន្តដឹកសំរាម ពណ៌ខៀវ គ្មានស្លាកលេខ បើកបរទិសដៅស្របគ្នា បានគៀរម៉ូតូខាងលើ បណ្តាលឲ្យដួលម៉ូតូបោកនិងផ្លូវ និងខ្ទាត់ស្ត្រីរូបនោះចូលក្រោមកងរថយន្ត ត្រូវបានរថយន្តគិនក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ រួចរថយន្តបើករត់ទៅមុខចម្ងាយ៥០០ម៉ែត្រទើបទុករថយន្តចោល និង រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានអន្តរាគមន៍ស្រាវជ្រាវការពារកន្លែងកើតហេតុ និង រកឃើញរថយន្តបង្កហេតុ នៅម្តុំខាងមុខការ៉ាស់សាំងPTT តោរពី ចំណែកសាកសព ត្រូវបានក្រុមគ្រូពេទ្យវេចខ្ចប់យកទៅរក្សាទុកនៅមន្ទីរពេទ្យរងចាំសមត្ថកិច្ចស្រាវជ្រាវស្វែងរកសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ជាមួយគ្នានេះដែរមហាជនក៏បានសំណូមពរដល់ក្រុមហ៊ុនសំរាម មានការណែនាំបុគ្គលិក និងតៃកុងរថយន្តបន្ថែម ហើយឲ្យមានការបន្ថយល្បឿនពេលបើកបរក្នុងក្រុង និង ប្រុងប្រយ័ត្នខ្ពស់ជៀសវាងបង្កគ្រោះថ្នាក់ រហូតបាត់បង់អាយុជីវិតមនុស្សជាយថាហេតុ ៕