ព្រះសីហនុ ៖ 

កុមារីម្នាក់អាយុ៤ឆ្នាំម្នាក់ បានបាត់បង់ជីវិត ខណៈកំពុងអង្គុយលេងនៅមុខផ្ទះ ហើយត្រូវបានរថយន្តបើករេចង្កូតបុកចូលក្នុងផ្ទះពេញទំហឹង កាលពីវេលាម៉ោង ១៩៖១៥នាទីយប់ថ្ងៃទី ខែឧសភាឆ្នាំ២០២៤ ត្រង់ចំណុចក្បែរ ពន្ធនាគារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

តាមប្រភពបឋមពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក់កូរ៉េពណ៌សចំណុះ ០១តោន បើកបរដោយុវជនម្នាក់ មិនទាន់គ្រប់អាយុ ក្នុងទិសដៅឆ្ពោះមកផ្លូវជាតិលេខ៤ លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតចូលផ្ទះលក់ចាប់ហួយ ភ្លាមនោះយុវជនដែលជាអ្នកបើកបរ មានបំណងជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គា បណ្តាលឱ្យស្ទុះបុកកុមារីរងគ្រោះដែលកំពុងអង្គុយលើបង់មុខផ្ទះ  បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល្យបានបាត់បង់ជីវិត ។

សពកុមារីរងគ្រោះមានឈ្មោះ ម៉ាលីពីន អាយុ៤ឆ្នាំ។ ចំណែក យុវជនបើករថយន្តបង្កគេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ក្រោយកើតហេតុភ្លាមៗត្រូវបានមន្ត្រីពន្ធនាគារចាប់បញ្ជូនយកទៅកាន់ការិយាល័យចរាចរណ៍ រួមជាមួយរថយន្តបង្ក។​ បច្ចុប្បន្នសពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕