ខេត្តកណ្តាល ៖ 

បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម លឿនជ្រុលទៅបុកពីមុខរថយន្តKIAកំពុងបើកច្រាសទិសគ្នា បណ្តាលឱ្យប្លោងជនរងគ្រោះទៅទើរលើដំបូលរថយន្តដេកសន្លប់ស្តូក កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-3334 ជិះដោយឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។ ចំណែកភាគីខាងរថយន្ត ម៉ាកKIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4908 បើកដោយឈ្មោះ ហូយ មិថុនា ភេទប្រុស អាយុ៣១ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ម៉ៃ ពេជ្ជតា អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្វាន់មាស ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលបុកពីមុខរថយន្ត កំពុងបើកច្រាសទិសគ្នា បណ្តាលឱ្យប្លោងជនរងគ្រោះទៅទើរលើដំបូលរថយន្ត ដេកសន្លប់ស្តូក ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ រងខូចខាតធ្ងន់ ត្រួវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕